ភ្នំពេញ៖ គ្រោះអគ្គិភ័យ បានឆាបឃ្លាំងកែច្នៃឈើមួយកន្លែង ធ្វើជាទ្វារដែលដាក់ចំហុយនៅក្នុងឡ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតឡើង កាលពីកាលពីថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ នៅចំណុចដេប៉ូលក់ឈើមួយកន្លែង តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ (១៩១៩) ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឃ្លាំងកែឆ្នៃឈើខាងលើ មានឈ្មោះ ហង់ វ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់បានធំក្លិន និងឃើញមានផ្សែងហ៊ុយខ្មួលខ្មាញ់ ចេញមកពីក្នុងឡ សម្រាប់ចំហុយទ្វារដែលកែច្នៃរួច ដែលមានទំហំ៦ម៉ែត្រ គុណនឹង៧ម៉ែត្រ និងមានទ្វារឈើប្រមាណជិត៣០គូប ដែលនៅខាងក្រោយដេប៉ូ ទើបប្រញាប់នាំគ្នាចេញទៅមើល ស្រាប់តែឃើញមានអណ្តាតភ្លើងកំពុងតែឆាបឆេះចេញមកពីក្នុងនោះ ក៏ស្រែកឆោឡោនាំគ្នា ដងទឹកទៅជះពន្លត់ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកអន្តរាគមន៍ ហើយសមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកចំនួន៦គ្រឿង ហើយបានបាញ់ពន្លត់អស់ទាំងចំនួន៦គ្រឿង ដោយប្រើរយះពេលជាងមួយម៉ោង ទើបរលត់ជាស្ថាពរ ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះ បណ្តាលមកពីធ្លាយទុយោឡចំហុយ ទើបបង្កឲ្យមានអគ្គិភ័យ ឆាបឆេះឡើងតែម្តង តែក្នុងហេតុការណ៍ មិនបណ្តាលឲ្យមានមនុស្ស រងរបួសទេ៕ តុង សីហា