ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍ចតុមុខឃាត់ខ្លួនជនជាតិចិនម្នាក់ បង្ហោះ drone បំពាក់កាមេរ៉ាថតយកទិដ្ឋភាព នៅតំបន់ហាមឃាត់

ចែករំលែក៖

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួន ជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីបានបង្ហោះ drone បំពាក់កាមេរ៉ាថតចាប់យកពីទិដ្ឋភាពនានា នៅតំបន់ហាមឃាត់ កាលពីម៉ោង៩:៣០នាទីយប់ ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចសួនវិមានឯករាជ្យ (ខាងលិចរូបសំណាក់ព្រះបរមរតនៈកោដ្ឋ) មហាវិថីសុរ៉ាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលឃាត់ខ្លួននេះឈ្មោះ Gan Lu អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខE៤៩២៦៥១២៩ ស្នាក់នៅផ្ទះមិត្តភក្តិ លេខ១៧៩ ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញជនបរទេសម្នាក់ បានមកបង្ហោះយន្តហោះខ្នាតតូច ប្រភេទDrone នៅចំណុចកើតហេតុបានមួយសន្ទុះ ក៏ត្រូវបានកម្លាំងប្រជាការពារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ឃាត់ខ្លួនយកមកប៉ុស្តិ៍ ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងដកហូតរួមមាន Drone មួយគ្រឿង ម៉ាក DJI Model GL ១០០A និងទូរស័ព្ទម៉ាកi phone៦pLus មួយគ្រឿង និងតេឡេបញ្ជា១គ្រឿង ។

បច្ចុប្បន្ន ជនជាតិចិន រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ចូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖