ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចមួយរូបរងការរិះគន់ថា ដឹកផងចាប់បទល្មើសផង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចប្រចាំស្រុកឱរ៉ាល់មួយរូប រងការរិះគន់ថា អាងអំណាចរបស់ខ្លួន សហការជាមួយបក្ខពួកចាប់ឈើប្រជាពលរដ្ឋដុតបំផ្លាញចោល ខណៈខ្លួនក៏ជាឈ្មួញឈើដ៏ធំប្រចាំស្រុកឱរ៉ាល់ផងដែរ ។

ការដឹកជញ្ជូនឈើរបស់ឈ្មួញឈើដ៏មានឥទ្ឋិពលរូបនេះ គេសង្កេតឃើញថា មិនដែលរងនូវការបង្ក្រាបពីមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធម្តងណាឡើយ មិនដឹងថា តើអស់លោកទាំងនោះ បានទទួលលាភសក្ការៈពីឈ្មួញឈើម្នាក់នេះ ឬយ៉ាងណាទេ ទើបបានជាមិនដែលមានសកម្មភាពបង្ក្រាបបែបនេះ ។

ជាងនេះទៅទៀតអ្វីដែលជាការកត់សំគាល់ សូម្បីតែអង្គការចំនួន២ដែលប្រចាំការនៅកន្លែង ដែលឈ្មួញចរាចរណ៍ឈើក៏មិនមានសកម្មភាពទប់ស្កាត់ដែរ ។

ឈ្មួញឈើដែលល្បីអាងអំណាចរបស់ខ្លួនធ្វើបាបប្រជាពលរដ្ឋនោះត្រូវបានស្គាល់មានឈ្មោះ ហម កុម្ភះ មានទីលំនៅភូមិក្រៀលពង ឃុំតាដាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

យោងតាមប្រភពព័ត៌មានជាក់លាក់មួយបានបង្ហើបថា ជានិច្ចកាល រៀងរាល់យប់គឺឈ្មួញខាងលើតែងតែធ្វើសកម្មភាពដឹកឈើធ្នង់របស់ខ្លួន ចេញពីក្រោយផ្ទះនៅភូមិក្រៀលពង(ជាំ) ទៅតាមរង្វង់មូលកន្ទួត ហើយបន្តទៅស្ពានដែកត្រពាំងជោរ ឆ្ពោះទៅស្រុកថ្ពង និងស្រុកឧដុង្គ កាត់តាមព្រែកក្តាម បន្តទៅកាន់ខេត្តជាប់ព្រំដែនវៀតណាម ដើម្បីលក់ឈើទីនោះឲ្យឈ្មួញវៀតណាមបន្ត ។

ឈ្មួញឈើដែលមានងារថា ជាអ្នកដេញផង ហើយក៏ជាអ្នកដឹកផងនោះ តែងតែដឹកជញ្ជូនឈើរបស់ខ្លួនចេញពីតំបន់ឆាយរាប កាត់មករមាំងស ហើយយកមកលាក់ទុក នៅក្រោយផ្ទះរបស់ខ្លួននៅភូមិក្រៀលពង ក្នុង១យប់ៗ មិនក្រោមពី៥០រទេះក្របីនោះទេ។

សកម្មភាពរបស់ឈ្មួញឈើម្នាក់នេះ ធ្វើឡើងជារៀងរាល់យប់ ខណៈគេសង្កេតឃើញថា ការដឹកជញ្ជូនឈើរបស់គាត់ មិនដែលរងនូវការបង្ក្រាបម្តងណាឡើយ ។

អ្វីដែលជាការកត់សម្គាល់ខ្លាំងបំផុតត្រង់ថា លោកសមត្ថកិច្ច និងជាឈ្មួញឈើប្រចាំស្រុកឱរ៉ាល់ម្នាក់នេះ តែងតែយកឈ្មោះថ្នាក់ដឹកនាំខេត្ត យកមកបិទបាំងសកម្មភាពរបស់ខ្លួនជានិច្ច ដោយសំអាងថា ការដឹកឈើរបស់គេ គឺដើម្បីរកចំណូលចូលខេត្ត និងចិញ្ចឹមមេរបស់ខ្លួន។

ការយកឈ្មោះថ្នាក់ដឹកនាំមកបិទបាំងរបរទុច្ចរិតរបស់ខ្លួននេះ មិនដឹងថា ថ្នាក់ដឹកនាំបានជ្រាបពីបញ្ហានេះដែរ ឬយ៉ាងណានោះទេ ជាពិសេសគឺមេបញ្ជាការរបស់គាត់តែម្តង។

ការចរាចរណ៍ឈើរបស់សមត្ថកិច្ចឈ្មោះ ហម កុម្ភះ នេះ ធ្វើឡើងក្នុងមួយយប់ៗរាប់សិបឡាន ដោយរលូន គ្មានឧបសគ្គរារាំងសូម្បីបន្តិច ដែលសូម្បីតែអស់លោកអង្គការមួយចំនួន ដែលអះអាងថា ខ្លួនជាអ្នកថែរក្សាការពារព្រៃឈើ ក៏មិនដែលបង្ក្រាបសកម្មភាពដឹកឈើរបស់លោក ហម កុម្ភះ នេះម្តណាឡើយ ។

ជាក់ស្តែងកាលពីយប់រំលងអធ្រាតថ្ងៃទី១៤ មីនា ២០១៨ សមត្ថកិច្ច និងជាឈ្មួញឈើធ្នង់ខាងលើ ដឹកឈើចេញពីក្រោយផ្ទះរបស់ខ្លួនចំនួន០៥រថយន្ត(ឡានបែនដឹកដី) ហើយនៅយប់ថ្ងៃទី១៥ ខែមីនា នេះទៀតសោត កំពុងត្រៀមរៀបចំស្ទូចឈើធ្នង់ ដែលទើបចុះពីឆាយរាប មកដាក់លើរថយន្តដឹកទៅលក់នៅព្រំដែនវៀតណាមដែលនៅជិតបំផុត។

មានការរិះគន់ផងដែរថា សកម្មភាពរបស់មន្ត្រីសមត្ថកិច្ច និងជាឈ្មួញឈើដ៏ធំប្រចាំស្រុកឱរ៉ាល់នាពេលបច្ចុប្បន្ន បានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរៈភូមិន្ទយា៉ងខ្លាំង។

គួររំលឹកថា ឈ្មួញឈើរូបនេះ មានសកម្មភាពដឹកជញ្ជូនប្រណីតប្រភេទធ្នង់ កើតមានច្រើនឆ្នាំមកហើយ មិនដែលគេឃើញអស់លោកខាងមន្ត្រីជំនាញពាក់ព័ន្ឋបង្ក្រាបម្តងណាឡើយ។ ទោះជាមានការលើកឡើងបែបនេះក្តី ក៏ឈ្មួញខាងលើដឹកជញ្ជូនឈើយ៉ាងងងើល ដោយគ្មានញញើតនឹងច្បាប់សូម្បីតែខ្លួនជាមន្ត្រីអ្នកអនុវត្តច្បាប់ ។

ពាក់ព័ន្ឋលើកឡើងខាងលើ អ្នកយកព័ត៌មានមិនអាចសុំការពន្យល់បកស្រាយពីលោក ហម កុម្ភះ បានទេនៅល្ងាចថ្ងៃទី១៥ ខែមីនា ៕ សេនាស័ក្តិ


ចែករំលែក៖