ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌច្បារអំពៅចាប់រថយន្តដឹកដីដឹកខ្សាច់ធ្លាក់មកលើផ្លូវចំនួន៦គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកដី ដឹកខ្សាច់ ចំនួន៦គ្រឿងដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវត្រូវបានកម្លាំងរបស់អាជ្ញាធរខណ្ឌ ច្បារអំពៅចុះចាប់ជាបន្តបន្ទាប់នៅគ្រាដែលរថយន្តដឹកដី ដឹកខ្សាច់ ទាំងនោះកំពុងធ្វើចរាចរលើដងផ្លូវដោយមិនគ្របកៅស៊ូតង់ ដឹកខ្សាច់សើមកំពប់មកលើផ្លូវ ។

លោករស់ សុភក្តិ អភិបាលរងខណ្ឌច្បារអំពៅដែលដឹកនាំកម្លាំងចុះចាប់រថយន្តល្មើសការណែនាំរបស់រដ្ឋបាលខណ្ឌបានប្រាប់ ថា អាជ្ញាធរខណ្ឌមិនចង់ចាប់រំខាន់ដល់ការធ្វើអាជីវកម្មរបស់បងប្អូននោះទេ តែកន្លងមកអាជ្ញាធរបានអញ្ជើញម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ទាំងនោះមកប្រជុំណែនាំនិងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការដឹកជញ្ជូនលើសទ្រុង ពេលដឹកដី ដឹកខ្សាច់ ត្រូវគ្រប ហាមដឹកខ្សាច់សើមព្រោះធ្វើឲ្យកំពប់មកលើផ្លូវ… ។ នៅចំពោះមុខអាជ្ញាធរ ម្ចាស់រថយន្តទាំងអស់ដែលកំពុងធ្វើអាជីវកម្មដឹកដី ដឹកខ្សាច់ នៅមូលដ្ឋានខណ្ឌបានយល់ព្រមទទួលយកតាមគោលការណ៍ ណែនាំ របស់រដ្ឋបាលខណ្ឌ ។

លោកអភិបាលរងបន្តថា យុទ្ធនាការចុះចាប់រថយន្តដឹកដី ដឹកខ្សាច់ដែលមិនអនុវត្តតាមគោលការណ៍របស់សាលារាជធានីភ្នំពេញ ក៏ដូចជាសាលាខណ្ឌ នឹងអនុវត្តជារៀងរាល់ថ្ងៃនៅគ្រប់ផ្លូវទាំងអស់ ។ ផ្លូវដែលមានសកម្មភាពដឹកជញ្ជូនដី និង ខ្សាច់ខ្លាំងជាងគេ គឺកំណាត់ផ្លូវថៃហ្គ័រ និងកំណាត់ផ្លូុវលេខ១១០ នៅក្នុងភូមិសាស្ត្រសង្កាត់ព្រែកថ្មី ។ និយាយរួមការងារសណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាន អនាម័យត្រូវបានលោកអភិបាលខណ្ឌយកចិត្តទុកដាក់ដោយចាត់តាំងឲ្យមន្ត្រីចុះអនុវត្តជារៀងរាល់ថ្ងៃ ។ ដោយឡែករថយន្តដឹកដី ដឹខ្សាច់ ដែលអាជ្ញាធរចាប់នៅពេលនេះហ្នឹងរក្សាទុករយៈពេល៣ថ្ងៃ ទើបឲ្យទៅដឹកជញ្ជូនវិញ បើនៅតែមិនរាងចាលពេលចាប់បានលើកក្រោយនឹងរក្សាទុកជាច្រើនថ្ងៃចំពោះរថយន្តណាដែលធ្លាប់ចាប់ម្តងមកហើយ ព្រោះមានកិច្ចសន្យា ៕ សណ្តោស


ចែករំលែក៖