ព័ត៌មានទាន់ហេតុការណ៍៖

នឹកថាបានប្តីក្រោយស្រណុកចិត្ត មានអីឲ្យតែស្រវឹងវ៉ៃព្រឹក វ៉ៃល្ងាច

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​កូន​មួយម្នាក់ នឹកថាបានប្តីក្រោយស្រណុកចិត្ត ចេះថ្នាក់ចេះថ្នម មានអីពេលបងបានអូនហើយផឹកស៊ីស្រវឹងរាល់ថ្ងៃ មិនតែប៉ុណ្ណោះបានប្រើហិង្សាទៅលើរូបគាត់ រហូតទ្រាំលែងបានរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ប្តីកំហូច តែបុរសជាប្តីបានរត់គេខ្លួនបាត់ស្រមោល ។

ករណីហិង្សារវាងប្តីនិងប្រពន្ធខាងលើនេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹង ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្ដា​យ​ផ្លូវ​១១០​កែង​ផ្លូវ​១៣ នៅ​ចំណុច​ម្តុំ​ផ្សារ​ចាស់ ស្ថិត​នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមសម្តី​ស្រ្តី​រង​គ្រោះ​មានឈ្មោះ ស​.​ទ អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ មានស្រុក​កំណើត​នៅ​ឃុំ​ផ្សារ​ប្រសូត ស្រុក​ស្វាយ​រៀង ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​កូនស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ ក្រោយមករូ​គាត់​បាន​ស្គាល់ឈ្មោះ ពិសិដ្ឋ ហើយបានស្រលាញ់គ្នាដោយ​រួមរស់​​ជា​ប្តី​ប្រពន្ធអស់រយៈពេល​ជិត​៦​ឆ្នាំ​មក​ហើយ ។

ស្រ្តីរងគ្រោះ បានបន្តទៀតថា តាំងពី​រស់នៅ​ជាមួយ​គ្នា​មក ប្តី​គាត់​ឲ្យ​តែ​ផឹកស៊ី​ស្រវឹងរៀងរាល់ថ្ងៃនិង​តែងតែ​វាយ​ធ្វើបាប​រូប​គាត់​ជាប់​ជា​ប្រចាំផងដែរ កន្លង​មកនេះ​គាត់​បាន​ទិញ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ឲ្យ​ប្តី​គាត់បានរកស៊ី​នឹង​គេ គ្រាន់​បាន​ប្រាក់​ខ្លះដើម្បីផ្គត់ផ្គង់​ជីវភាព បែរជា​ប្តីរបស់គាត់​នៅតែមិនកែខ្លួន ហើយ​ផឹកស៊ី​វាយ​ធ្វើបាប​គាត់​ដដែរ ។ លុះនៅ​យប់​កើតហេតុ ស្រាប់តែ​ប្តីរបស់គាត់​ផឹកស៊ី​ស្រវឹង​បាន​រករឿង​ឈ្លោះប្រកែក ហើយ​វាយ​រូប​គាត់​ចាប់​ក្បាល​បោក​ផ្ទប់​ទៅ​នឹង​ជញ្ជាំង បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេល​ខ្លួន​ផ្អើល​ពេញ​តែ​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ ដើម្បី​ចាប់​ជន​ដៃដល់ ប៉ុន្តែ​ជន​នោះបានរត់គេច​ខ្លួន​បាត់​តែម្តង ។

ក្រោយ​កើតហេតុ​ស្រ្តីរង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​វត្ត​ភ្នំ​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយធ្វើអន្តរាគមន៍តាម​ចាប់​ជន​បង្ក​យក​មក​ផ្ត​ន្តា​ទោស​តាម​នីតិវិធី ៕ ស តារា


ចែករំលែក៖