ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយុវជនម្នាក់ឆបោកម៉ូតូមិត្តភក្តិ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទ រំលោភ លើទំនុកចិត្ត (យកម៉ូតូ ) (ខាងជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន) នៅចំណុចផ្សារដើមគរ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែកុម្ភ:ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក នៅចំណុចផ្ទះសំណាក់ យីហោ សុខ សាន្ត ដែលមានទីតាំងផ្ទះលេខ២៣ ផ្លូវ លេខ២៣០ ក្រុមទី០១ ភូមិ១ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ លី ដារ៉ូ ហៅ ដារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ថាន ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សំភារ:បាត់បង់មាន៖ ម៉ូតូមួយគ្រឿងម៉ាក Suzuki Net ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-3992 មានលេខតួ:319490 និងលេខម៉ាស៊ីន: 53319507 ។

យោងតាមសម្តីនារីរងគ្រោះឈ្មោះ ថាន ដាវីត បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចពីដំណើររឿងហេតុថា កាលពីថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក រូនគេបានដឹកជនសង្ស័យជាមិត្តភ័ក្រ្តទើបនិងស្គាល់គ្នាមកដេកនៅផ្ទះសំណាក់យីហោ សុខ សាន្ត ដែល មានទីតាំងផ្ទះលេខ២៣ ផ្លូវ លេខ២៣០ ក្រុមទី០១ ភូមិ១ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពេលមកដល់ផ្ទះសំណាក់ជនរងគ្រោះ និងជនសង្ស័យក៏បានជួលផ្ទះសំណាក់ដេក ពេលនោះជនសង្ស័យក៏ធ្វើជាខ្ចីម៉ូតូរបស់ជនរងគ្រោះថាយកទៅទិញបាយ យកមកញាំជាមួយគ្នាមួយភ្លែត គ្រាន់តែបានម៉ូតូពីជនរងគ្រោះហើយជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់រហូត ។

ក្រោយកើតហេតុជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូ និងជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។ លុះមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់ បងស្រីរបស់ជនរងគ្រោះមានឈ្មោះ ថាន រស្មី អាយុ២២ឆ្នាំ ជនជាតិខ្មែរ បានឃើញជនសង្ស័យរូបនេះដើរនៅផ្សារដើមគរ ក៏ឃាត់ខ្លួនជនសង្ស័យខាងលើយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ ស តារា


ចែករំលែក៖