ខេត្តស្ទឹងត្រែង ៖ នគរបាលខេត្តស្ទឹង ត្រែង ចុះបង្ក្រាបចាប់បានរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ខណៈកំពុងធ្វើចរាចរដឹកឈើចេញពីស្រុកថាឡាបរិវ៉ាត់ ចូលមក ទីរួមខេត្តស្ទឹងត្រែង។
ករណីនេះបានធ្វើឡើងកាលពីវេលា ម៉ោង១និង១០នាទី រសៀលថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៩ត្រង់ចំណុចជិតភោជនីយដ្ឋានគោដុត សារុំ៣ ស្ថិតក្នុង ក្រុង-ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ឈើដែលនៅ លើរថយន្ត គឺជាឈើប្រភេទគ្រឿងផ្ទះដែលមានចំនួនកន្លះរថយន្តនៅមិនទាន់វាស់វែងនៅឡើយ។
សមត្ថកិច្ចបន្តថា ការបង្ក្រាបរថយន្តខាង លើនេះ គឺសមត្ថកិច្ចមិនបានឃាត់ខ្លួនតៃកុងរថយន្តទេ ព្រោះពេលដែលឃាត់រថយន្តបានភ្លាម តៃកុងរថយន្ត ក៏បានដាក់មេប៉្រូចចោលរថយន្តភ្លាមៗផងដែរ ។
បច្ចុប្បន្នរថយន្ត ព្រមទាំងឈើ ត្រូវសមត្ថ កិច្ចអូសយកមករក្សាទុកក្នុងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។
ទាក់ទិននិងការដឹកជញ្ជូនឈើសព្វថ្ងៃនេះ ត្រូវបានគេសង្ស័យថា ប្រហែលជាមានការឃុបឃិត ត្រូវរ៉ូវគ្នារវាងក្រុមឈ្មួញ និងសមត្ថកិច្ចហើយមើលទៅបានជាមិនសូវឃើញមានចុះបង្ក្រាបបទល្មើស ដែលក្រុមឈ្មួញនាំគ្នាដឹកឈើ ឆ្លងខេត្ត ជាពិសេស គឺដឹកឆ្លងកាត់តំបន់ ដែលគ្រប់គ្រងរបស់ខ្លួននោះសោះ ៕ សហការី