ព័ត៌មានទាន់ហេតុការណ៍៖

លោក​ កឹម​ សុខា​ អាច​បង្ហាញ​ខ្លួន​នៅ​សាលាឧទ្ធរណ៍​ម្តងទៀត​ នៅ​ថ្ងៃទី​២៧ មីនា

ចែករំលែក៖

ភ្នំពេញ​៖ ជនត្រូវចោទ​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​បង្ហាញ​ខ្លួន​ម្តង​ទៀត​ នៅ​សាលាឧទ្ធរណ៍​ នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មីនា​ ខាង​មុខ​នេះ​ ដើម្បីបន្ដបើកសវនាការ ក្រោមបទចោទប្រកាន់ សន្និដ្ឋិភាពជាមួយបរទេស។

លិខិតរបស់លោកព្រះរាជអាជ្ញា អ៊ឹម សុផាន ផ្ញើជូនអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បង្ហាញ​ថា នៅពេលចប់សវនាការហើយ ត្រូវនាំជនជាប់ចោទ កឹម សុខា ត្រឡប់ទៅពន្ធនាគារវិញ ដើម្បីបន្ដអនុវត្តសេចក្ដីរបស់តុលាការពីមុនមក បើគ្មានសេចក្ដីសម្រេចថ្មីទៀតទេ។

គួរ​រំលឹក​ថា លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ។ ហើយ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ព្រះរាជ​អាជ្ញា​៣រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង ដើម្បី​សាកសួរ​លោក កឹម សុខា។ ការ​សាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់​លោក កឹម សុខា ដែរ ៕ ចេស្តា

 


ចែករំលែក៖