ព័ត៌មានទាន់ហេតុការណ៍៖

ឆ្មក់បង្ក្រាបក្រុមញៀនល្បែងជល់មាន់បាន២នាក់ ម៉ូតូ៧គ្រឿង ​និងមាន់ជល់២ក្បាល នៅឧដុង្គ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមញៀនល្បែងជល់មាន់២នាក់ ​និងជាច្រើនអ្នកទៀតបានរត់គេចខ្លួន បន្សល់ទុកតែម៉ូតូចំនួន៧គ្រឿង ​និងមាន់ជល់ចំនួន២ក្បាល ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គឆ្មក់បង្ក្រាប ខណៈដែលក្រុមអ្នកញៀនល្បែងទាំងអស់នោះ កំពុងតែប្រមូលផ្តុំគ្នាលេងល្បែងជល់មាន់នៅក្នុងព្រៃឫស្សីក្រោយភូមិមួយកន្លែង។

ហេតុការណ៍បង្ក្រាបក្រុមអ្នកញៀនល្បែងកាលពីវេលាម៉ោង១ ​និង៤០នាទីរសៀលថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចព្រៃឫស្សីខាងជើងភូមិដឹកពាង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកបាននិយាយឲ្យដឹងថាក្រុមញៀនល្បែង២នាក់ដែលនគរបាលឃាត់បានមានឈ្មោះទី១ ម៉ី ចន ភេទប្រុស អាយុ ៥២ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិចាអោក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ​និងទី២-ឈ្មោះ លី វណ្ណចន ភេទប្រុស អាយុ ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិ ត្មាតពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលដដែលបាននិយាយឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើនេះ គឺមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានក្រុមអ្នកញៀនល្បែងបានទៅបោះទីតាំងនៅក្នុងព្រៃឫស្សីខាងជើងភូមិដឹកពាង ចម្ងាយ ២០០០ម៉ែត្រ ក្នុងឃុំដំណាក់រាំង ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបានការរាយការណ៍រួចមកលោកអធិការនគរបាលស្រុកឧដុង្គបានសុំគោលការណ៍ ថ្នាក់លើដឹកនាំកម្លាំងចុះបង្ក្រាបបានមនុស្សចំនួន២នាក់ ​និងដកហូតបានសម្ភារ មួយចំនួន ក្នុងនោះរួមមាន៖

១-ម៉ូតូចំនួន ០៧ គ្រឿង

២-មាន់ជល់ ចំនួន ០២

៣-ជញ្ជីងថ្លឹង ចំនួន ០១ ខ្សែវៀនធ្វើកែសស្រាបៀរ ចំនួន ០២ផងដែរ។

បន្ទាប់ពីឃាត់ខ្លួនបុរសទាំង២នាក់ រួមជាមួយវត្ថុតាងរួចមកកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សេនា សក្តិ


ចែករំលែក៖