ខេត្តស្វាយរៀង៖ បុរស៣នាក់បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តមិនស្គាល់ម៉ាក បើកបុកម៉ូតូបញ្ច្រាសគ្នាពេញទំហឹង លាន់ដូចរន្ទះកាលពីថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ០៩ និង៣៥ នាទី ព្រឹក លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១៣៤/១៣៥ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា ម្ចាស់ម៉ូតូដែលបើកមិនប្រកាន់ស្ដាំមានឈ្មោះ ហែរ សារិទ្ធ ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខរបរ កម្មករសំណង់ និងអ្នករួមដំណើរ ឈ្មោះ រ័ត្ន ទិត្យ ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខរបរ កម្មករសំណង់ និងឈ្មោះ បាត សាញៀន ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ កម្មករសំណង់ ដោយអ្នកទាំង៣មានទីលំនៅភូមិ រមាជ ឃុំមុខដា ស្រុក រមាសហែក ខេត្តស្វាយរៀង។
ចំពោះអ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុបើករត់គេចខ្លួនភ្លាមៗពីកន្លែងកើតហេតុ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរស៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវេវ ពណ៌ ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង ១I ៤៣៨៨ ដោយធ្វើដំណើរពីកើតទៅលិចលើកំណាត់ផ្លូវជាតិលេខ១មិន ពាក់មួកសុវត្ថិភាពមិនប្រកាន់ស្ដាំស្រាប់តែទៅបុក និងរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណដែលទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលយ៉ាងច្រើនកកកុញ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាននកអន្តរាគមន៏ និងដឹកយកបុរសរងគ្រោះទាំង៣នាក់ មកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀងព្រមទាំងវាស់វែង និងអូសមធ្យោបាយរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន