ខេត្តស្វាយរៀង ៖ មានករណីភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមស្រាងៗ ដល់អ្នកភូមិ និងអ្នកធ្វើដំណើរ ឈប់ចោមរោមមើល និងស្ទះចរាចរណ៍ខណ:ដែលមាបរថយន្តកុងតឺន័ររបុកបង្កាន់ដៃស្ពាន ប្រសូត្រជាប់គាំងទៅមុខលេងរួច កាលពីវេលា ម៉ោង៥ព្រឹក ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងសង្ស័យអ្នកបើកងងុយដេក។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានប្រាប់ឲ្យនគរវត្តដឹងថា អ្នកបើកបររថយន្តកុងតឺន័រ មានឈ្មោះ ចាន់ វ៉ន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ បើកបររថយន្ត បច្ចុប្បន្នរស់នៅភូមិទឹកថ្លា ឃុំគីរីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ មកសាកសួរនៅអធិកាដ្ឋាននគរបាលស្រុកស្វាយទាប។
បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ ៤A០៥៤៨ ធ្វើដំណើរលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិច ទៅកើត ខណៈលុះមក ដល់ចំណុចកើតខាងលើ ស្រាប់តែរេចង្កូតបុកបង្កាន់ស្ពានប្រសូត្រយ៉ាងពេញទំហឹង លាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។
បើតាមអ្នកបើករថយន្តបានប្រាប់សមត្ថកិច្ចថា មូលហេតុមកពីគាត់ងងុយដេកពេក ដោយងោកមួយភាំង ក៏រេចង្កូតបុកបង្កាន់ដៃស្ពានប្រសូត្រតែម្ដង ។
បច្ចុប្បន្ន អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកស្វាយទាប ដើម្បីសងថ្លៃខូចខាតឲ្យមន្ទីសាធារណការ ៕ យឹម សុថាន