ភ្នំពេញ៖ ក្រោយបែកបាក់គ្រួសារទាំងសងខាង អតីតតារាសម្តែងដែលវិវឌ្ឍន៍ខ្លួនជាពិធីករ គឺ អ្នកនាង ស៊ឹម សូលិកា និងលោកអេង រិទ្ធី បានចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍ ហើយថ្មីៗនេះ ពួកគែបានបង្អួតស្នេហ៍ផ្អែមល្ហែមដោយបើកចំហរ បន្ទាប់ពីពីដំណឹងស្នេហ៍ក្រោយឆាកត្រូវបានបែកធ្លាយកន្លងមកនោះ។
លោកអេង រិទ្ធីបានបង្ហោះរូបថតបណ្តើរគ្នា និងស្និទ្ធិស្នាលជាហូរហែរហូតធ្វើឲ្យមានការភ្ញាក់ផ្អើល គ្រា ដែលកន្លងទៅអ្នកទាំងពីរ មិនដែលនិយាយដោយបើកចំហរ អំពីដំណឹងស្នេហ៍ ដែលធ្លាប់ផ្ទុះឡើងនោះទេ ។ រូបថតបណ្តើរគ្នាទាំងគូ ចូលរួមពិធីមង្គលការតូច ធំ និងដំណើរកម្សាន្តលក្ខណៈគ្រួសារ ត្រូវបានទម្លាយចេញជាបណ្តើរៗ និងសបញ្ជាក់ថា ពួកគេមានសេចក្ដីសុខបំផុត ពេលដែលបានចាប់ដៃគ្នាចិត្តមួយថ្លើមមួយនេះ ។ ទោះបីជាមិនមែនស្នេហាកំលោះក្រមុំ ប៉ុន្តែភាពផ្អែមល្ហែមរបស់ពួកគេ ក៏ទទួលបានការច្រណែនពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមដែរ រហូតមានអ្នកស្នើរឲ្យពួកគេចូលរោងការដូចកំលោះ ក្រមុំផងដែរ ។
ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងប្រាកដនៅឡើយទេថា ស្នេហាពោះម៉ាយ និងអ្នកមេម៉ាយ ចាយរាងរូបនេះ នឹងអាចឈានដល់ដំណាក់កាលចូលរោងការដែរ ឬយ៉ាងណានោះទេ ប៉ុន្តែគេដឹងថា ដំណឹងស្នេហាមួយនេះ ចាប់ផ្ទុះឡើងក្រោយពេលស៊ឹម សូលិកា ផ្តាច់ស្នេហ៍ភ្លាមៗពី លោក ទិត្យ ថាវរិទ្ធ អស់ជាច្រើនឆ្នាំមកហើយ ។
មានការលើកឡើងពីអ្នកក្នុងចង្កោមសិល្បៈថា ពួកគេលែងចង់លាក់បាំងដូចគ្រាមុនហើយ និងក្រោយពីចំណងស្នេហ៍ចុងក្រោយ របស់ស៊ឹម សូលិកា គឺទទួលបានការសាទរពីសាច់ញាតិទាំងសងខាង ខុសពីស្នេហាមុនដែលចាស់ទុំខាងប្រុសមិនសូវជាពេញចិត្តនោះ ។
ប្រភពថា ចំណងស្នេហ៍នេះ គឺពិតជាពិបាកជឿ គ្រាដែលកន្លងទៅពួកគេរាប់អានគ្នាជាបងប្អូនប៉ុណ្ណោះ។ ប្រភពថា ទាំងកូនស្រីពេញវ័យក្រមុំរបស់ សូលិកា ក៏ពេញចិត្តនឹងស្នេហារបស់ម្តាយដែរ ហើយចង់ឃើញម្តាយនាងមានស្នេហាពិតប្រាកដមួយជាមួយបុរស ដែលអ្នកនាងពេញចិត្ត និងដើម្បីព្យាបាលរបួស និងលុបដានស្នេហ៍ចាស់កន្លងទៅដែរ ប៉ុន្តែពួកគេនៅមិនទាន់មានគម្រោងចូលរោងការនៅឡើយដែរ ៕ វឌ្ឍនា