ព័ត៌មានទាន់ហេតុការណ៍៖

បើកជែងលឿនខ្វះការប្រុងប្រយ័ត្នបង្កឲ្យជាងផ្សាដែកម្នាក់ស្លាប់

ចែករំលែក៖

បើកជែងលឿនខ្វះការប្រុងប្រយ័ត្នបង្កឲ្យជាងផ្សាដែកម្នាក់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលកំពុងជិះម៉ូតូ១គ្រឿងត្រឡប់មកពីធ្វើការ ត្រូវរថយន្តមួយគ្រឿងបើកលឿនប្រជែងគេឯងដោយមិនមានការប្រុងប្រយ័ត្ន ហើយបានប៉ះដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង ០៤ និង ១៥ នាទីរសៀល ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវស្ថិតក្នុងភូមិត្រពាំងពោធិសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមសំដីបងប្រុសបង្កើតរបស់ជនរងគ្រោះនៅកន្លែងកើតហេតុបានប្រាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុរូបគេ(ជាបងជនរងគ្រោះ)បានកំពុងតែជិះម៉ូតូមួយគ្រឿងម្នាក់ឯងចេញមកពីផ្សាដែកនៅស្ថានីយប្រេងឥន្ធនៈតូតាល់មួយកន្លែង នៅអូដឹម ខណ្ឌពោធិសែនជ័យ ដោយបងជិះម៉ូតូមួយគ្រឿងផ្សេងទៀតពីក្រោយប្អូនដែលជាជនរងគ្រោះ ។ បងជនរងគ្រោះបន្តថា ខណៈនោះដែរ គឺគាត់បានជិះពីខាងក្រោយរថយន្តបង្កថែមទាំងស្រែកថា បើករថយន្តលឿនម្ល៉េះជែងគេឯង បានមួយសន្ទុះក្រោយមក ស្រាប់តែរថយន្តដែលបើកលឿនប្រជែងគេនោះទៅប៉ះដៃចង្កូតម៉ូតូប្អូនគាត់ ដែលជិះខាងមុខរថយន្តបង្កបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូហើយត្រូវរថយន្តបង្កកិនចំក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ជនរងគ្រោះមានឈ្មោះ យក់ វុទ្ធា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិជ្រោយមេត្រីក្រោមឃុំឫស្សីជ្រោយស្រុកមុខកំពូល ខេត្តកណ្តាល (ស្លាប់) ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ូ ស៊ូគី ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN6331 ធ្វើដំណើរលើផ្លូវលេខ 120K ពីត្បូងទៅជើង(ស្របទិស) ពេលមកដល់ចំណុចកើតហេតុខាងលើត្រូវរថយន្តបង្ក ដែលមានម៉ាក HYNDAI ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 3D9273 បើកបរដោយឈ្មោះ ខែម ណារិត ភេទប្រុស អាយុ33ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ទួលស្វាយព្រែ១ ខណ្ឌចំការមន រាជធានី ភ្នំពេញ(ឃាត់ខ្លួន)ភ្លាមៗ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍គោករការចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងជួយសម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះហើយប្រគល់រថយន្ត និងម៉ូតូឲ្យទៅការិយាល័យនគរបាលផ្លូវគោករាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើត ៕ ធឿនព្រែកជ័យ


ចែករំលែក៖