ព័ត៌មានទាន់ហេតុការណ៍៖

ពងកន្ធាយក្បាលកង្កែបជាង៦០០គ្រាប់រកឃើញនៅដងទន្លេមេគង្គ

ចែករំលែក៖

ខេត្តក្រចេះ៖ ក្រុមអ្នកអភិរក្សរបស់រដ្ឋ បាលជលផល សមាជិកសហគមន៍ និង អង្គការ WCS បានរកឃើញសំបុកកន្ធាយក្បាលកង្កែបចំនួ២០សំបុក មានពងសរុប ចំនួន៦៦៣គ្រាប់ នៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះសម្រាប់រដូវកាពងកូននៅ ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ។

ការប្រមូលយកពងកូន និងការចាប់​យក​មេ​ពូជ​ទៅធ្វើម្ហូប ឬលក់នៅលើទីផ្សារ នៅតែមានបន្តដែលបាននិងកំពុងតែគំរាមកំហែងដល់ការរស់នៅរបស់កន្ធាយនេះ ។

កន្ធាយក្បាលកង្កែបស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរង គ្រោះជិតផុតនៅលើសកលលោកនិងស្ថិតក្នុងបញ្ជីនៃប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជា ។ ពួកវាត្រូវបានគេគិតថា ផុតពូជពីកម្ពុជាទៅ ហើយ រហូតដល់ឆ្នាំ២០០៧ ប៉ុន្តែត្រូវបាន រកឃើញសាជាថ្មីម្តងទៀត នៅដងទន្លេមេ គង្គ ក្នុងបរិវេណ៤៨គីឡូម៉ែត្រ ចន្លោះខេត្ត ក្រចេះ និងស្ទឹងត្រែង ។

លោក ងួន ចន្ទី អ្នកសម្របសម្រួល គម្រោងអភិរក្សកន្ធាយក្បាលកង្កែបនៃ អង្គការ WCS បាននិយាយថា “សំបុក កន្ធាយក្បាល កង្កែបរក ឃើញទាំងអស់ មានចំនួន៣៥សំបុក ប៉ុន្តែជាអកុសល សំបុកចំនួន១៥ ត្រូវបានជនខិលខួចលួចប្រមូលយកពងរបស់វាទៅបាត់អស់មុន ពេលក្រុមការងារទៅដល់” ។

លោកបន្ដថា សព្វថ្ងៃនេះកំពុងតែការពារសំបុកចំនួន២០ ដែលមានពងសរុប ចំនួន៦៦៣គ្រាប់ ។ សមាជិកសហគមន៍ ចំនួន៤នាក់ កំពុងតែផ្លាស់ប្តូរវេនគ្នាការ ពារសំបុកពងកន្ធាយទាំងអស់នេះរហូត ដល់ញាស់រួចរាល់ ។

លោក ចន្ទី បន្ថែមថា គិតត្រឹមខែមីនា នេះ កូនកន្ធាយចំនួន១៣២ បានញាស់ ដោយជោគជ័យ ហើយយើងកំពុងតែថែ រក្សាពួកវានៅទីតាំងមានសុវត្ថិភាព និង លែងពួកវាទៅក្នុងធម្មជាតិវិញនៅក្នុង រយៈពេលដ៏ខ្លីខាងមុខ ។ លោកបញ្ជាក់ថា គម្រោងអភិរក្សកន្ធាយក្បាលកង្កែបទន្លេមេគង្គរបស់អង្គការ WCS សហការជាមួយ រដ្ឋបាលជលផល និងសម្ព័ន្ធដើម្បីការរស់ រានប្រភេទ សត្វអណ្តើក បានរៀបចំកម្មវិធីការពារសំបុកពងកូនសត្វកន្ធាយក្បាល កង្កែប។ កម្មវិធីនេះ លើកទឹកចិត្តឲ្យប្រជាសហគមន៍រស់នៅខេត្តក្រចេះ និងស្ទឹង ត្រែង ចូលរួមការពារសត្វកន្ធាយក្បាល កង្កែប ដោយបានជ្រើសរើសអតីតអ្នក ប្រមូលពង និងមេពូជកន្ធាយក្បាលកង្កែប ឲ្យមកធ្វើការងារជាបុគ្គលិករបស់គម្រោងដើម្បីស្វែងរកនិងការពារសំបុកសត្វកន្ធាយ ក្បាលកង្កែបជំនួសឲ្យការប្រមូលយកពង និងមេពូជសម្រាប់ហូបនិងលក់ ។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋាន អភិរក្សជលផលនៃរដ្ឋបាលជលផលបាន និយាយថា តម្រូវការនៅលើទីផ្សារ គឺជា កត្តាជំរុញឲ្យមានការប្រមូលយកពងកូន និងមេពូជសត្វកន្ធាយក្បាលកង្កែបដោយខុសច្បាប់នៅតាមដងទន្លេមេគង្គក្នុង ប្រទេសកម្ពុជា។ នេះគឺជាក្តីព្រួយបារម្ភដ៏ធំ មួយ សម្រាប់ការអភិរក្សសត្វកន្ធាយក្បាលកង្កែប ។ លោក បន្តថា ការបង្កើនការយល់ដឹងលើប្រភេទធនធានជលផលដែល កំពុងរងគ្រោះថ្នាក់ ការចូលរួមរបស់អាជ្ញា ធរ និងប្រជាសហគមន៍ក្នុងការងារអភិរក្ស គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ដើម្បីការពារប្រភេទសត្វដ៏កម្រមួយនេះ ឲ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ ក្រោយ ។

សូមឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមថែ រក្សានិងការពារកន្ធាយក្បាលកង្កែបនៅក្នុង ប្រទេសកម្ពុជាឲ្យនៅគង់វង្ស ដោយបញ្ឈប់ ការទិញឬបរិភោគពងក៏ដូចជាសាច់កន្ធាយ ក្បាលកង្កែប ។ ការប្រមូលយកពងកូន ឬចាប់យកមេពូជកន្ធាយក្បាលកង្កែបមកលក់ ឬធ្វើជាម្ហូប គឺជាអំពើខុសច្បាប់ ។

ការងារអភិរក្សសត្វកន្ធាយក្បាលកង្កែបនៅដងទន្លេមេគង្គ ទទួលបានការគាំទ្រពីម្ចាស់ជំនួយដូចជា Critical Ecosystem Partnership Fund អង្គការអភិរក្សអន្តរជាតិ និងសម្ព័ន្ធដើម្បីការរស់រានប្រភេទសត្វ អណ្តើក។ នេះបើយោងតាមការចេញ ផ្សាយរបស់ អង្គការសមាគម អភិរក្ស សត្វព្រៃ (Wildlife Conservation Society-WCS)៕ ហេង សូរិយា


ចែករំលែក៖