ព័ត៌មានទាន់ហេតុការណ៍៖

ជំនឿលើព្រះអាទិត្យនិងព្រះចន្ទមានប្រភពពីឥណ្ឌាបានលេចរូបរាងឡើងនៅហ្វូណន

ចែករំលែក៖

មនុស្សជាតិនីមួយៗដែលកើតមកមិន ថា នៅប្រទេសខ្មែរ ឬឥណ្ឌា ឬក៏ប្រទេស ដទៃណាឡើយតែងតែមានវប្បធម៌នៅក្នុង ខ្លួនជានិច្ច ។ ចំពោះជនជាតិខ្មែរក៏ដូចជា ជនជាតិឥណ្ឌានាសម័យបុរាណដែរគេ មានជំនឿលើកម្លាំងនៃធម្មជាតិដូចជាទឹកដី ខ្យល់ ថ្ងៃ (ព្រះអាទិត្យ) យប់ (ព្រះចន្ទ)ជាដើម ដែលឋានៈនៃ កម្លាំងធម្មជាតិនេះ ត្រូវបានលើកតម្កើងស្មើទៅនឹងទេវតាដ៏ មានមហិទ្ធិឫទ្ធិឧត្តុង្គឧត្តម ។ ក្នុងករណី នេះហើយដែលក្រោយមកនាសម័យ ឥណ្ឌារូបនីយកម្មដើមស.វទី១នៃគ.ស ជំនឿសាសនា មន-ខ្មែរ បែបជីវចលក៏ត្រូវបានច្របាច់ចូលក្នុងប្រព័ន្ធសាសនាថ្មី ដោយយកឈ្មោះជាភាសា សំស្ក្រឹតវិញ ដោយនាំគ្នាហៅដូចជា ព្រះប្រថពី ព្រះ គង្គា ព្រះវាយោ ព្រះអាទិត្យ និងព្រះចន្ទ ។

ក្នុងបរិបទវប្បធម៌នាដើមដំបូងនៃស.វ​ទី១នៃគ.ស. ជំនឿលើព្រះអាទិត្យ ព្រះចន្ទ ដែលមានប្រភពពីឥណ្ឌាបានលេចរូបរាងឡើងនៅហ្វូណន ដែលស្ថិតក្រោមអានុ ភាពដ៏ធំធេងរបស់ឥណ្ឌា។ នៅក្នុងសម័យ​បុរេអង្គរដ៏រុងរឿងនេះ បើតាមការសិក្សា វិភាគរបស់យើងលើកាក់មួយចំនួន ដែល​ជារូបិយវត្ថុ នៅអង្គរបុរី អូរកែវ និងនៅក្នុង​ឈូងសមុទ្រសៀម យើងឃើញថា មាន ការចាប់ផ្តើមគោរពបូជាព្រះអាទិទេពទាំងពីរខាងលើនេះយ៉ាងប្រាកដ។ ដោយហេតុ​ថា នៅផ្នែកខាងលើនៃកាក់មានឆ្លាក់ព្រះ រូបទាំងពីរនេះឡើង ជានិមិត្តសញ្ញា ។

កាក់សម័យនគរភ្នំ អង្គរបុរី កម្មសិទ្ធិ​ធនា​គារជាតិកម្ពុជា (ម.ត ២០១៣) និង ចម្លាក់លើបង្គោលសីមា សម័យអង្គរ ស្ទឹង​ច្រាប (រូបថត ស៊ីប៉ារ ដូច្នេះយើងអាច​ចាត់​ទុកថា ចម្លាក់ព្រះអាទិត្យ និង ព្រះចន្ទ ឆ្លាក់នៅលើកាក់ គឺជាការបង្កើតរបស់ខ្មែរ ក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌា ហើយម្យ៉ាង​វិញ​ទៀត ជាទេវតាថ្មីបែបឥណ្ឌានិយម សម្រាប់ខ្មែរយើង។ កេរដំណែលអរូបីនេះបានបន្តរហូតដល់សម័យក្រោយៗទៀត ជាពិសេសសម័យអង្គរ ព្រោះវត្តមានរបស់ព្រះអាទិទេពទាំងពីរអង្គនេះ ដែលទំនងជាតំណាងឲ្យជីវិតរបស់សត្វលោក ត្រូវបានឆ្លាក់ជាប់ជានិច្ចក្នុងស្មារតីរបស់ប្រជាជនខ្មែរគ្រប់រូប ។

សូមជម្រាបថា បញ្ហានេះវាមិនមែនមានតែនៅក្នុងវប្បធម៌ខ្មែរទេថ្វីបើនៅដើម​សម័យអង្គរបន្តិច ព្រះអាទិត្យ និងព្រះចន្ទត្រូវគេតំណាងក្រោមរូបភាពជាមនុស្ស ដើម្បីជាទីគោរពសក្ការក៏ដោយ។ ភាព ជាក់ច្បាស់នៃការលើកតម្លៃយ៉ាងខ្ពស់ របស់ព្រះអាទិទេពទាំងនោះ ក្នុងវប្បធម៌ ខ្មែរបុរាណក៏បានសម្ដែងចេញតាមពាក្យដាក់បណ្តាសា ដែលមានចារក្នុងសិលា​ចារឹក ឬក៏តាមរយៈចម្លាក់ក្បាច់ផ្តែរមួយ ចំនួនផងដែរ ។

មានន័យថា ការគោរពបូជាព្រះអាទិត្យ និងព្រះចន្ទ នាសម័យអង្គរ ដែលបានបន្ត​វេនពីសម័យនគរភ្នំ មិនត្រូវបានបោះបង់ឡើយនាសម័យក្រោយៗមកទៀត។ ព្រះអាទិទេពទាំងពីរអង្គនេះ នៅតែស្ថិតនៅជានិច្ចក្នុងចិន្តាខ្មែរ ទោះបីជាមានការកែប្រែខាងប្រព័ន្ធជំនឿសាសនាពីព្រហ្មញ្ញសាសនា ទៅជាព្រះពុទ្ធសាសនាក្នុងរាជ្យ របស់ព្រះបាទជ័យវរ្ម័នទី៧ក្តី ។

ព្រោះថា ទាំងមនុស្សខ្មែរដែលប្រារព្ធធ្វើលើព្រហ្មញ្ញសាសនា ទាំងពុទ្ធសាស និក​ នៅតែរក្សាអំណាច និងនិមិត្តរូបនៃ ព្រះអាទិទេពទាំងពីរអង្គនេះ។ នៅទីនេះ យើងអាចសូមយកតឹកតាង​មួយមក​បង្ហាញ អំពីការមិនបោះបង់របស់ពុទ្ធសាសនិកខ្មែរចំពោះអាទិទេពទាំងពីរអង្គខាងលើនេះ របស់ព្រហ្មញ្ញសាសនា នោះគឺចម្លាក់ព្រះអវ​លោកេសូរ (អវលោកេស្វរៈ) នៅប្រាសាទ​ប​ន្ទាយឆ្មារ។ ទាំងចំពោះពួកព្រាហ្មណ៍​និយម ក៏ដូចជាចំពោះពុទ្ធសាសនិក អត្ថ ន័យនៃព្រះអាទិទេពទាំងពីរអង្គនៅមាន តម្លៃចម្បងដដែល ។

គួររំឭកនៅទីនេះផងដែរថា សហគមន៍ខ្មែរក្នុងភូមិភាគឦសាននៃព្រះរាជាណាចក្រថៃឡង់ដ៍ ក៏ដូចខ្មែរក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន នៅពេលរៀបចំពិធីការ ​កូនចៅពួកគេនៅតែមានទម្លាប់អញ្ជើញ ពពួកទេវតាទាំងឡាយ ដែលរក្សាទិសន​ៃ​ចក​្រវាលដែលក្នុងនោះរួមមានព្រះអាទិត្យ និងព្រះចន្ទមកធ្វើជាកសិណសាក្សី ឬ​ថ្វាយ​ពរជ័យ ដល់គូស្វាមីភរិយាថ្មី ។

ជាទីបញ្ចប់ សូមកត់សម្គាល់ថា ប្រវត្តិ របស់ព្រះអាទិទេពប្រចាំទិស (នព្វគ្រោះ) ទាំង៩អង្គ ត្រូវបានយកទៅរចនានៅ ប្រាសាទអង្គរត្រង់ចំណុចទាក់ទិនទៅនឹងការប្រណាំងធ្នូ ស របស់ព្រះរាមនៅលើ​ជញ្ជាំង និងនៅលើក្បាច់ផ្តែរប្រាសាទ ដែល​យើងមិនសិក្សានៅទីនេះទេ គឺគ្រាន់តែលើកមកជាតឹកតាងប៉ុណ្ណោះ។ ព្រះអាទិ​ទេពប្រចាំទិស (នព្វគ្រោះ) ទាំង ៩អង្គ ដែលយើងអាចសង្កេតឃើញរួមមានព្រះសូរ្យ (ព្រះអាទិត្យ, ថ្ងៃ) ព្រះចន្ទ (យប់) ព្រះយមៈ ព្រះភិរុណ ព្រះឥន្ទ្រាធិរាជ ព្រះ​កុវេរ ព្រះអគ្គី ឬអគ្និ ព្រះរាហ៊ូ និងព្រះកេតុ។

ម្យ៉ាងវិញទៀត ព្រះអាទិត្យ និងព្រះចន្ទរមែងតែងផ្សារភ្ជាប់ជាមួយនឹងព្រះយមរាជ ក្នុងឋានៈជាកសិណសាក្សី ដូចករណីនៅ​ប្រាសាទកោះកេរ និងផ្ទាំងសិលាចារឹកមកពីស្ទឹងច្រាប នៅមោងឫស្សី ក្នុងខេត្តបាត់​ដំបងជាសក្ខីកម្មស្រាប់ ។

សរុបសេចក្តីមក ចាប់តាំងពីសម័យ បុរេអង្គរនៃវប្បធម៌ហ្វូណន ការបូជា​ព្រះ​អាទិត្យ និងព្រះចន្ទ នៅតែស្ថិតស្ថេរជានិច្ច ទោះបីជាមានការផ្លាស់ប្តូរនិន្នាការសាសនា ​ដោយកត្តានយោបាយឬភូមិសាស្ត្រក៏​ដោយ ​៕ ហេង សូរិយា


ចែករំលែក៖