ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តចុះឆែកឆេរលំនៅឋានរកឃើញសត្វរស់ និងសំណាកជាច្រើន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ លំនៅឋានមួយកន្លែង ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត ចុះឆែកឆេររកឃើញ និង រឹបអូសបានសត្វព្រៃរស់ និងសំណាកជាច្រើននៅវេលាម៉ោង៩ និង២០នាទីថ្ងៃ ព្រហស្បតិ៍៦កើតខែចេត្រ ឆ្នាំរកានព្វស័កព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ មីនាឆ្នាំ២០១៨នៅក្នុងភូមិរយ៉ឃុំរយ៉ស្រុកកោះញែក ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលបានរក្សាទុកបទល្មើសសត្វព្រៃខាងលើ មានឈ្មោះប៊ុនឡាយ ភេទប្រុស អាយុ៤០ឆ្នាំ ប្រពន្ធឈ្មោះស៊ិនលី គន្ធា អាយុ៣៧ឆ្នាំរស់នៅភូមិខាងលើ ។

ប្រភពបន្តថាក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តបានចុះឆែកឆេរផ្ទះរឹបអូសសត្វព្រៃបានចំនួន៩មុខរួមមានប្រវឹករស់០៣ក្បាលអណ្តើកភ្នំ០៦ក្បាលអណ្តើកសោមញី១ក្បាលឈ្លូសងាប់០៥ក្បាលជ្រូកព្រៃងាប់០១ក្បាល ពស់សាំងសឿរស់៥គីឡូក្រាមស្បែកឈ្លូសក្រៀមចំនួន០៣បន្ទះក្រពះប្រម៉ាក្រៀមចំនួន០៣ដុំលលកបាយរស់០១ក្បាល សរុប៩៤,៨០គីឡូក្រាម ។

ក្រោយប្រតិបត្តិការបង្ក្រាបសាច់សត្វដែលងាប់ និងសំណាកនានាត្រូវបានយកទៅដុតកម្ទេចចោលចំណែកសត្វ ដែលនៅរស់ត្រូវបានដោះលែងក្នុងព្រៃសុវត្ថិភាពវិញ។

ម្ចាស់ត្រូវបានជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់។

រយៈពេលពីរថ្ងៃ២១-២២ មីនា ២០១៨ ជំនាញបានចាប់ឃាត់បទល្មើសបានចំនួនបីលើក និងរឹបអូសបានសត្វព្រៃជាច្រើនប្រភេទយកទៅដោះលែងក្នុងព្រៃ និងដុតកម្ទេសចោល

ហើយឃាត់ខ្លួនមនុស្សចំនួនបួននាក់ ដែលមានជាប់ពាក់ព័ន្ឋករណីជួញដូរ និងបរបាញ់សត្វព្រៃខុសច្បាប់ ៕ ដោយ:ជីវន្ត


ចែករំលែក៖