ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីតម្រូវឲ្យបង់ប្រាក់ធ្វើស្លាកលេខ(រដ្ឋ)ម៉ូតូ១គ្រឿងតម្លៃ៥០ដុល្លារ

ចែករំលែក៖

ខេត្តរតនគិរី៖ បែកធ្លាយរឿងប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរី ស្នើសុំធ្វើស្លាកលេខរដ្ឋម៉ូតូចំនួន៩គ្រឿង បែរជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីតម្រូវឲ្យមន្ត្រីទាមទារឲ្យបង់ប្រាក់កម្រៃលើការធ្វើស្លាកលេខម៉ូតូនោះ៥០ដុល្លារ(ហាសិបដុល្លារ)ក្នុងមួយគ្រឿង នាកំឡុងពេលថ្មីៗនេះ ។

យោងតាប្រភពបានឲ្យដឹងថា ក្រោយមានបាតុភាព លោកប្រធានមន្ទីរមុខងារសាធារណៈ ខេត្តរតនគិរី ដែលបានស្នើសុំស្លាកលេខរដ្ឋម៉ូតូចំនួន៩គ្រឿងទៅក្រសួងសាធារណការ និងដឹកជញ្ជូនរួចមក ស្លាកលេខម៉ូតូនោះ បានធ្លាក់មកដល់មន្ទីរខាងមន្ត្រីទទួលបន្ទុក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីភ្លាម ។

ប៉ុន្តែស្រាប់តែមន្ត្រីនោះតម្រូវឲ្យមន្ទីរមុខងារសារធារណៈបង់ថ្លៃសេវាក្នុងមួយគ្រឿងចំនួន៥០ដុល្លារ សរុប៤៥០ដុល្លារទើបអាចបំពាក់ស្លាកលេខឲ្យប្រើប្រាស់ ។ ពេលនោះ លោក វ៉ាន់ សោភា ប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរី ធ្វើលិខិតមួយភ្លាមស្នើសុំឲ្យខាងមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី ចេញជាវិក័យប័ត្របង់ប្រាក់ឲ្យស្របតាមច្បាប់ហិញ្ញវត្ថុជាធរមានវិញភ្លាម ដើម្បីមន្ទីរមុខងារសាធារណៈខេត្តរតនគិរីទូទាត់ជូន ។ ក្នុងនាមលោកជាប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏មានមន្ត្រីរាជការ អង្គភាពនានាជុំវិញខេត្ត មានក៏មានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះតំលៃសេវាស្លាកលេខម៉ូតូរដ្ឋក្នុងមួយគ្រឿង៥០ដុល្លារនោះដែរ ព្រោះខណៈដែលតម្លៃស្លាកលេខម៉ូតូធម្មតាតំលៃ តែ ១០ ទៅ ១១ដុល្លារ ឬ៤០.០០០រៀលទៅ៤៤.០០០រៀលប៉ុណ្ណោះ ។

ក្នុងនោះលោក កែវ គឹមហ៊ាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត ក៏បានបញ្ជាក់តាមទូរស័ព្ទនៅរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨កន្លងមកនេះថា ចំពោះលិខិតដែលបានចុះហត្ថលេខារបស់លោកប្រធានមន្ទីរមុខងារសាធារណៈនោះ លោកក៏បានឃើញដែរ ប៉ុន្តែប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនមិនបានចុះហត្ថលេខាធ្វើវិក្កយប័ត្របង់ប្រាក់៥០ដុល្លារក្នុងម៉ូតូ១គ្រឿង ដែលធ្វើស្លាកលេខរដ្ឋចំនួន៩គ្រឿងនោះទេ ។ ឯស្លាកលេខម៉ូតូរដ្ឋ គឺនៅអគ្គនាយកដ្ឋានដឹកជញ្ជូនឯណោះទេ ខាងមន្ទីរសាធារណការ និងដឹកជញ្ជូនមិនអាចចេញស្លាកលេខរដ្ឋនេះបានឡើយ ។ ប៉ុន្តែបើតាមប្រភពគឺខាងមន្ទីរសាធារណការ និងដឹកជញ្ជូនកំពុងតែពុករលួយធ្វើស្លាកលេខរដ្ឋដោយខ្លួនឯង ហើយទម្លាក់កំហុសទៅលើក្រសួងវិញ ។

មជ្ឈដ្ឋានជុំវិញ ក៏កំពុងស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ មេត្តាចុះមកពិនិត្យករណី ដែលមិនប្រក្រតីគួរឲ្យសង្ស័យមួយនេះផង ព្រោះអី មន្ទីរសាធរណការ និងដឹកជញ្ជូនខេត្តរតនគិរីនេះ ធ្លាប់មានរឿងអាស្រូវច្រើនណាស់ ដូចជាករណីជញ្ជីងថ្លឹងរថយន្ត និងករណីកាត់ទ្រុងរថយន្តជាដើម ៕ ជីវន្ត


ចែករំលែក៖