ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីមានជនសង្ស័យមួយក្រុម បានបើករថយន្ត១គ្រឿង ចូលទៅលួចយកឥដ្ឋ និងស៊ីម៉ង់ត៍នៅក្នងវត្តភ្នៀតសម្ពលី ប៉ុន្តែពេលលួចបានបើករថយន្តចេញមកវិញ ស្រាប់តែជាប់ផុងទៅមុខមិនរួច ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ដល់សមត្ថកិច្ចឃាត់ខ្លួនបក្ខពួកបានម្នាក់យកទៅសួរនាំរួមទាំងថ្នាំញៀននៅជាប់ខ្លួន១កញ្ចប់ផងដែរ ។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅក្នុងវត្តភ្នៀតសម្ពលី ភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនសែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះជួប ផល្លា ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅភូមិប្រយុទ្ធ ឃុំបាសែត ស្រុកប៉ាលហាល ខេត្តព្រះវិហារ ។
ប្រពភព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ចំណុះ២តោន ពាក់ស្លាកលេខ ទ -0231ភព3 នេះចូលទៅលួចឥដ្ឋពីការដ្ឋានសំណង់ចេតិយនៅក្នុងវត្តខាងលើ ដែលតាមការសន្និដ្ឋានពេលចូលទៅមេឃមិនទាន់ភ្លៀងទេ ។ លុះពេលពួកចោរលើកឥដ្ឋ និងស៊ីម៉ង់ត៍ដាក់ក្នុងរថយន្តរួចមេឃបានចាប់ផ្ដើមធ្លាក់ភ្លៀង ហើយពេលបើកចេញប្រុងគេចខ្លួនដោយសារផ្លូវទើបចាក់ដីថ្មីបណ្ដាលឲ្យជាប់ផុងទៅមុខលែងរួច ទើបបែកការណ៍តែម្ដង។
ប្រភពដដែលបានបន្តទៀតថា នៅលើរថយន្តនោះមានឥដ្ឋប្រមាណ៧,០០០ដុំ និងស៊ីម៉ង់ត៍ជិត២តោន ក្រោយពីប្រជាពលរដ្ឋប្រទះឃើញហើយរាយការណ៍ជូន កម្លាំងនគរបាលប៉ុស្តិ៍ស្នោ បានចុះទៅកាន់កន្លែងកើតហេតុ ។ ពេលនោះ បានឃាត់ខ្លួនបុរសម្នាក់ ដែលជនសង្ស័យថា ជាបក្ខពួកចោរ ប៉ុន្តែក្រោយសាកសួរ ជននេះបានបដិសេធន៍រហូត ហើយនៅជាប់ខ្លួនជននេះមានថ្នាំញៀន១កញ្ចប់ ពេលនេះ នគរបាលប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជុនជននេះ ទៅសួរនាំបន្តនៅផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ៕ សុខាសែនជ័យ