ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើកបររថយន្តមួយគ្រឿង ពាក់ស្លាកលេខនគរបាល ក្នុងល្បឿនយ៉ាងលឿន ដោយក្រឡឹងជុំវិញរង្វង់វិមានឯករាជ្យ ស្រាប់តែកាច់ចង្កូតមិនទាន់ ជ្រុលទៅបុករង្វង់វិមានឯករាជ្យពេញទំហឹង បណ្ដាលឲ្យខូចខាតបង្គាលផ្នូរបុព្វបុរសមួយចំនួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកដល់រួចឃាត់យករថយន្តភ្លាមៗតែម្តង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចរង្វង់វិមានឯករាជ្យ ស្ថិតតាមបណ្តោយផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចដែលឈរជើងនៅគោលដៅក្បែរនោះ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញមានរថយន្តកាមរីហាយប្រ៊ីដ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខនគរបាល 2-5479 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញណ និងសង្ស័យស្រវឹងផងដែរនោះ ។ ដោយធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកផ្នូរបុព្វបុរសពេញទំហឹង បណ្ដាលឲ្យខូចខាតបង្គាលមួយចំនួន និងបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខបន្តិចបន្តួចប៉ុណ្ណោះ និងមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចតុមុខបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ មកយករថយន្តបង្ក ទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ស តារា