ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ រងរបួសធ្ងន់ចំនួន៧នាក់ និងរងរបួសស្រាលចំនួន៥នាក់។
បើតាមរយៈរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរ និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង, រថយន្ដតូច៥គ្រឿង, រថយន្ដធុនធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចររួមមានល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង និងបត់គ្រោះថ្នាក់។
យោងតាមរបាយការណ៍បញ្ជាក់ទៀតថា រយៈពេល២៣ថ្ងៃ ខែមីនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរ ទូទាំងប្រទេសកើតឡើងចំនួន២០៥លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១១៧នាក់ រងរបួសស្រាលចំនួន១៣៣នាក់ និងរបួសធ្ងន់ចំនួន២០៥នាក់៕ ជ្រោយពេជ្រ