ព័ត៌មានទាន់ហេតុការណ៍៖

ជួលបុគ្គលិកឲ្យមកគិតលុយនៅផ្ទះសំណាក់ ដូចជួលឲ្យមកចាប់រំលោភកូនស្រី

ចែករំលែក៖

ភ្នំពេញ៖ កូនស្រីបង្កើតម្ចាស់ផ្ទះសំណាក់ ហូលីដេរ ត្រូវបុគ្គលិករបស់ខ្លួនចាប់រំលោភបានសម្រេចចំនួនមួយលើក ពេលដែលឪពុកម្តាយមិននៅផ្ទះ ។ លុះបានរយៈពេល២ថ្ងៃ ទើបបែកការ ឪពុកនារីរងគ្រោះប្តឹងជនសង្ស័យ ឲ្យសមត្ថកិច្ចដាក់ខ្នោះកាលពីព្រឹកថ្ងៃសៅរ៍​ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ ហូលីដេរ ស្ថិតនៅភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ផល ណាផា​ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាអ្នកគិតលុយ ក្នុងផ្ទះសំណាក់ ហូលីដេរ និងស្នាក់នៅកន្លែងធ្វើការ បន្ទប់លេខ ១A ជាន់ផ្ទាល់ដី មានស្រុកកំណើត ភូមិកំពង់លាវ ឃុំលេខ២ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។ ចំណែកនារីរងគ្រោះមានឈ្មោះ (ល.ស.ដ.ន) អាយុ១៥ឆ្នាំ ។

ពាក្យបណ្តឹងរបស់នារីរងគ្រោះ បានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុកន្លងមក នាងតែងតែដើរទៅគោះបន្ទប់ជនសង្ស័យ ដើម្បីសុំខ្ចីទូរស័ព្ទដៃមកលេងហ្គេម លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ រូបនាងបានដើរទៅខ្ចីទូរស័ព្ទពីជនសង្ស័យម្តងទៀត ដោយថ្ងៃនោះ ឪពុកម្តាយរបស់នាងមិននៅផ្ទះទេ គឺទៅខេត្តបាត់ដំបង។

នាងបន្តទៀតថា នៅថ្ងៃដដែលនោះ នាងក៍ដើរទៅគោះទ្វារបន្ទប់ជនសង្ស័យក្នុងបំណងខ្ចីទូរស័ព្ទមកលេងហ្គេមដូចលើកមុន ពេលនោះ ស្រាប់តែជនសង្ស័យបានទាញដៃនាងចូលទៅក្នុងបន្ទប់ហើយធ្វើសកម្មភាពចាប់សម្រាតខោអាវនាងហើយរំលោភតែម្តង ពេលនោះ នាងខំរើបម្រាសដែរ តែរើមិនរួច ។

នារីរងគ្រោះបន្តថា នៅពេលដែលជននេះធ្វើសកម្មភាពរួច នាងក៌ស្លៀកសម្លៀកបំពាក់ដើរចេញមកខាងក្រៅ ពេលនោះជនសង្ស័យបានដើរមកកន្លែងនាងអង្គុយ ហើយនាងក៏និយាយថា ចាំមើល៍ ខ្ញុំប្រាប់ឪពុកម្តាយខ្ញុំ! ពេលនោះ ជនសង្ស័យឈ្មោះ ផល ណាផា​ បានប្រាប់នាងថា កុំប្រាប់គាត់អី បើប្រាប់គាត់បានអីមកវិញ យ៉ាងច្រើនបានត្រឹមជាប់គុកហ្នឹង ។

រហូតមកដល់ថ្ងៃសៅរ៍​ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នារីរងគ្រោះ ក៏បានប្រាប់ពីដំណើររឿងឲ្យឪពុកម្តាយដឹង ហើយឪពុកនាងបាននាំខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចសាកសួរតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើនារីរងគ្រោះពិតប្រាកដមែន បានសម្រេចចំនួនមួយលើក ប៉ុន្តែគ្មានការបង្ខិតបង្ខំទេ ។

បច្ចប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់បន្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖