ព័ត៌មានទាន់ហេតុការណ៍៖

រំលោភសម្លាប់ទៀតហើយនៅខេត្តរតនគិរី៥ករណីយ៉ាងសាហាវព្រៃផ្សៃបំផុត

ចែករំលែក៖

ខេត្តរតនគិរី៖ មានករណីរំលោភម្លាប់ទៀតហើយ កម្មការិនីចៀជ័រកៅស៊ូម្នាក់ត្រូវបានឃាតកមិនស្គាល់មុខចាប់រំលោភសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩ព្រឹក ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងចំណុចចំការកៅស៊ូរបស់ឈ្មោះ ចាប ណារិន ស្ថិតក្នុងភូមិ ពាក់ឃុំយ៉ាទុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ន សេងហ៊ង ភេទស្រី អាយុ ២០ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរកម្មករចៀជ័រកៅស៊ូ ។

ក្រោយពីមានការភ្ញាក់ផ្អើលមានករណីរំលោភសម្លាប់នោះ ក៏មានការសម្របសម្រួលពីលោក ហាក់ ហ័ន ព្រះរាជអាជ្ញារង អយ្យអមសាលាដំបូងខេត្តរតនគិរី និងសមត្ថកិច្ចវិទ្យាសាស្រ្ត នៃស្នងការនគរបាលខេត្តព្រមទាំងអាជ្ញាធរមូលដ្ឋានបានចុះដល់កន្លែងកើតហេតុផងដែរ ។

ម្តាយជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះបានបាត់ចេញពីផ្ទះ នៅក្នុងចំការកៅស៊ូតាំងពីវេលាម៉ោង១០.០០ព្រឹក នៅថ្ងៃទី២៤ ខែមីនា ២០១៨ម្លេះ។

ពួកគាត់បាននាំគ្នាដើររកដែរតែរកមិនឃើញ លុះដល់ម៉ោង៩ព្រឹក ថ្ងៃទី២៥ខែមីនាឆ្នាំ២០១៨ទើបពួកគាត់នាំគ្គ្នាដើររកបន្តទៀត ក៏ប្រទះឃើញកូនរបស់គាត់ដេកស្លាប់បាត់ទៅហើយ ដោយខ្លួនអាក្រាតននលគក់នៅក្នុងគុម្ពចេក ចុងចំការកៅស៊ូ ដែលមានចម្ងាយពីផ្ទះចំការប្រហែល៦០០ម៉ែត្រ ។

គាត់បន្តថា ក្នុងហេតុការណ៍នោះ សម្ភារដែលបាត់បង់រួមមាន ទូរស័ព្ទម៉ាក អាយខល ចំនួន១គ្រឿង ខោខៅប៊យជើងវែងមួយ ។

សមត្ថកិច្ចបានរកឃើញសំភារៈជាប់ជាមួយនិងសាកសពមានកងដៃកាឡៃ១វង់ខ្សែករកាឡៃ១ខ្សែ ស្បែកជើងផ្ទាត់ ១គូដំបងឈើជ្រុងដៃរណែង មានឈាមចំនួនមួយផងដែរ។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យបានឲ្យដឹងថា ជនរងគ្រោះពិតជាត្រូវបានជនសង្ស័យរំលោភ ហើយវាយសម្លាប់តែម្តងមែន។

សាកសពសមត្ថកិច្ចបានប្រគលទៅឲ្យក្រុមគ្រួសារសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណីផងដែរ ហើយបើតាមការពិនិត្យជាក់ស្តែងក្នុងពិធីបុណ្យសពមានស្ថានភាពឪពុកម្តាយមានជីវភាពក្រីក្រលំបាក់ខ្លាំងណាស់ គ្មានប្រាក់ធ្វើបុណ្យសពកូនទេ បានសហគមន៍រៃអង្គាសបានប្រាក់ចំនួន២០មុឺនរៀល ជួយចាត់ចែងធ្វើបុណ្យដោយលំបាក។

ការិយាល័យជំនាញបានសហការជាមួយកម្លាំងអធិការស្រុកអូរយ៉ាដាវ កំពុងស្រាវជ្រាវស៊ើបអង្កេតតាមនីតិវិធី ។

គួររំលឹកថា ក្នុងខេត្តរនគិរីនេះ ករណីរំលោភសម្លាប់កើតឡើង៥លើកមកហើយ នៅចុងឆ្នាំ២០១៧ ១ករណី នៅស្រុកលំផាត់ ដើមឆ្នាំ២០១៨ នៅក្រុងបានលុង២ករណី ស្លាប់១ របួសធ្ងន់១។ មួយទៀតនៅស្រុកបកែវ រំលោភសម្លាប់មិនទាន់ចាប់បានមុខសញ្ញានៅឡើយទេ ។ពេលនេះ មានករណីរំលោភសម្លាប់មួយទៀតនៅស្រុកអូយ៉ាដាវ។

ក្នុង៥ករណីនេះ ចាប់បានមុខសញ្ញា១លើក នៅក្រុងបានលុងចាប់រំលោភនាង អាត សិញ អាយុ១៨ឆ្នាំ ជនជាតិគ្រឹង មុខរបរសិស្សថ្នាក់ទី១២ រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ចាប់បានជនសង្សយ័ម្នាក់ ។ ៤ករណីទៀតនេះ មិនទាន់ចាប់បាននៅឡើយ៕ ជីវន្ត


ចែករំលែក៖