ព័ត៌មានទាន់ហេតុការណ៍៖

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកទី៥០ នៃក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផលនៃតំបន់អាស៊ីអាគ្នេយ៍

ចែករំលែក៖

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា គ.ស ២០១៨ នៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកទី៥០ នៃក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផលនៃតំបន់អាស៊ីអាគ្នេយ៍ (Southeast Asian Fisheries Development Center, SEAFDEC) ដែលរៀបចំឡើងដោយរដ្ឋបាលជលផល និងបានការអញ្ជើញចូលរួមពីប្រតិភូនៃប្រទេសសមាជិកទាំង១១ ប្រទេសក្នុងនោះមាន៖ កម្ពុជា ថៃ ឡាវ វៀតណាម សីង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ប្រុយណេ មីយ៉ាម៉ា និងប្រទេសជប៉ុន។ កម្ពុជាបានចូលជាសមាជិក SEAFDEC ក្នុងឆ្នាំ២០០១ ហើយនេះជាលើកទី២ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះឡើង។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ លោករដ្ឋមន្រ្តីបានសម្តែងនូវបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា គណៈប្រតិភូ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដែលកំពុងកើតឡើងនៅលើទឹកដីខេត្តសៀមរាបជាទីក្រុងប្រវត្តិសាស្ត្រនៃមាតុភូមិអង្គរដ៏បវរ។

វត្តមាននិងការផ្តល់គំនិត យោបល់ ចំណេះដឹង បទពិសោធន៍ និងអនុសាសន៍នានារបស់សមាជិកនៃអង្គប្រជុំ ពិតជាធាតុចូលដ៏មានសារៈប្រយោជន៍ក្នុងការអភិវឌ្ឍន៍វិស័យជលផលនេះម៉្យាង ម៉្យាងទៀតនេះជាឱកាសដ៏ល្អក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិ-បត្តិការឈានឆ្ពោះការវិវឌ្ឍន៍ជាវិជ្ជមាននៃវិស័យជលផលក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយនិរន្តរភាព។ ពិតណាស់ ប្រសិនបើគ្មានការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារនៃរដ្ឋបាលជលផល និងទទួលបានកិច្ចសហការគាំទ្រយ៉ាងយកចិត្តទុកដាក់ពីសមាជិក SEAFDEC នោះកិច្ចប្រជុំដ៏មានសារៈសំខាន់នាពេលនេះប្រាកដជាមិនអាចកើតឡើងបានឡើយ។

SEAFDEC បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការគ្រប់គ្រង ការអភិវឌ្ឍ ការអភិរក្សធនធានជលផលឲ្យមាននិរន្តរភាព។ ទោះជាយ៉ាងណា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ ការនេសាទខុសច្បាប់ ការគ្មានរបាយការណ៍ និងការកើនឡើងនៃសកម្មភាពនេសាទ ដែលអាចហៅកាត់ថានេសាទបែប IUU (Illegal fishing, Unreported fishing and Unregulated fishing, IUU) នៅតែជាបញ្ហាចំបងដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផលទាំងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

ជាងនេះទៅទៀត ការនេសាទបែប IUU ពិតជាបង្កគ្រោះថ្នាក់ដល់ធនធានជលផល និរន្តរភាព បរិស្ថាន បាត់បង់នូវកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចនិងសង្គម ជាពិសេសការបាត់បង់ប្រាក់ចំណូលរបស់សហគមន៍។

ដើម្បីចូលរួមដោះស្រាយបញ្ហានេះ សហគមន៍ជលផលថ្នាក់តំបន់និងថ្នាក់អន្តរជាតិបានរៀបចំច្បាប់ និងបទប្បញ្ញត្តិជាច្រើនដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលបានកើតឡើង។ ជាក់ស្តែង កម្ពុជាបានសហការជាមួយសហភាពអឺរ៉ុប អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) និងអង្គការអន្តរជាតិដទៃទៀត ពិសេសផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសសមាជិក SEAFDEC ក្នុងការដោះស្រាយបញ្ហានេសាទបែប IUU នេះ ក្នុងបំណងគ្រប់គ្រងធនធានជលផលឲ្យមាននិរន្តរភាពទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។

លទ្ធផលជាវិជ្ជមានមួយចំនួនដែលកម្ពុជាទទួលបានពីកិច្ចខិតខំប្រឹងប្រែងនេះ បានបង្ហាញឲ្យឃើញថាវិស័យជលផលមានការអភិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍ ផលនេសាទទាំងទឹកសាប ទឹកប្រៃ និងវារីវប្បកម្មអាចធានាបាននូវការផ្គត់ផ្គង់ត្រី និងផលិតផលត្រីដល់ទីផ្សារក្នុងស្រុកដែលកំពុងតែកើនឡើងជាលំដាប់ និងមាននិន្នាការនាំចេញផងដែរជាពេលអនាគត។

យោងលើការងារប្រតិបត្តិជាក់ស្តែង ច្បាប់ស្តីពីជលផលដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ពិតជាមិនបានគ្របដណ្តប់ទៅលើវិសាលភាពនៃការធ្វើនេសាទនៅតំបន់ទឹកប្រៃឱ្យបានពេញលេញ។ នេះជាហេតុផលមួយ និងជាពិសេសអនុលោមទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការបានធ្វើវិសោធនកម្មច្បាប់នេះឱ្យសមស្របតាមលក្ខខណ្ឌនិងស្ថានភាពជាក់ស្តែងនៃការនេសាទ។

ក្រៅពីនេះ កម្ពុជាបាននិងកំពុងរៀបចំឯកសារចាំបាច់មួយចំនួនដើម្បីផ្តល់សច្ចាប័នដល់លិខិតតូបករណ៍អន្តរជាតិសម្រាប់វិស័យជលផលចំនួនពីរគឺ៖ទី១-កិច្ចព្រមព្រៀងវិធានការរដ្ឋម្ចាស់កំពង់ផែរបស់អង្គការFAO ដែល ត្រូវបានចាត់ទុកថាជាវិធានការប្រយុទ្ធប្រឆាំងនឹងការធ្វើនេសាទបែប IUU និងទី២-កិច្ចព្រមព្រៀងផលស្តុកត្រី របស់អង្គការសហប្រជាជាតិដែលបានទទួលស្គាល់ថាជាកិច្ចព្រមព្រៀងដើម្បីធានាការអភិរក្សយូរអង្វែងនិងការប្រើប្រាស់ធនធានជលផលប្រកបដោយចីរភាព។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តីមានជំនឿយ៉ាងមុតមាំថា SEAFDEC នឹងបន្តលើកកម្ពស់ការអនុវត្តវិធានការច្បាប់និងបច្ចេកទេសឲ្យមានប្រសិទ្ធភាពនិងសុក្រឹតភាពដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទបែប IUU ឈានទៅសម្រេចឲ្យបាននូវនិរន្តរភាពធនធានជលផលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នាឱកាសនេះ លោករដ្ឋមន្រ្តីបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងប្តេជ្ញាចិត្តខ្ពស់របស់សមាជិក SEAFDEC ក្នុងការអនុវត្តផែនការសកម្មភាពដើម្បីរក្សានិរន្តរភាពនៃការនេសាទ និងការអភិវឌ្ឍន៍ធនធានជលផល ហើយប្រាកដណាស់កម្ពុជានឹងបន្តចូលរួមនិងសហការជាមួយបណ្តាប្រទេសជាសមាជិកដើម្បីលើកកម្ពស់ការគ្រប់គ្រងនិងការអភិវឌ្ឍន៍ធនធានជលផលឱ្យទទួលបានជោគជ័យតាមការរំពឹងទុក។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះសហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានយកចិត្តទុកដាក់ និងផ្តល់ការឧបត្ថម្ភគាំទ្រដល់ផែនការសកម្មភាពអភិវឌ្ឍន៍ជលផលនៃតំបន់អាស៊ីអាគ្នេយ៍បានល្អប្រសើរនាពេលកន្លងមក និងសូមអំពាវនាវឲ្យបន្តជួយគាំទ្រ និងឧបត្ថម្ភទាំងថវិកា បច្ចេកទេស និងសម្ភារដើម្បីធានាដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព សំដៅរួមចំណែកអភិវឌ្ឍវិស័យជលផលរបស់ប្រទេសនីមួយៗ និងតំបន់ទាំងមូលក្នុងបុព្វហេតុចំបងគឺការកាត់បន្ថយភាពក្រីក្រឱ្យទទួលបានជោគជ័យ។

ក្នុងនាមឲ្យឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមរដ្ឋមន្រ្តីសូមថ្លែងអំណរគុណ និងប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្ករជាតិ សមាជិក សមាជិកាទាំងអស់សូមទទួលនូវសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការក្នុងឱកាសស្នាក់នៅលើទឹកដីអង្គរល្អផូរផង់នេះ ៕ សុខ ខេមរា

 


ចែករំលែក៖