ព័ត៌មានទាន់ហេតុការណ៍៖

រ៉េត ស៊ូហ្សាណា និងStep ស្និទ្ធិស្នាលគ្នាប្លែក

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រុស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា និងStep បានចាប់ផ្តើមលេចមុខមាត់ខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ហើយពួកគេក៏បានរួមការងារសិល្បៈជាច្រើន ។ ទំនាក់ទំនងក្រៅឆាកស្និទ្ធិស្នាគ្នាប្លែកបានធ្វើឲ្យលេចចេញការសង្ស័យថាពួគគេអាចនឹងមានចំណងទាក់ទងលើសពីមិត្តរួមអាជីព ។

ក្រោយលេចការគាំទ្រកាន់តែខ្លាំង រ៉េត ស៊ូហ្សាណា កាន់តែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីផលិតកម្មហង្សមាស រហូតនាងទទួលបានទាំងបទចម្រៀង ល្អ និងឱកាសសម្តែងជាតួឯកក្នុងភាពយន្តភាគលើកដំបូងគឺរឿង”បីសាចគួរឲ្យស្រលាញ់”ដែលសម្តែងរួមគ្នាជាមួយកំលោះសង្ហាត្រេភ្នែកតឹង លោកសុខវិបុលហៅ Step ។

ប្រភពពីអ្នកក្នុងចង្កោមសិល្បៈបានលើកឡើងថា ពួកគេចាប់ផ្តើមលេចចេញដំរ៉ុយនៃរឿងស្នេហា ពិសេសភាពល្អូកល្អឺនគ្នាខ្លាំងនៅពេលចេញសម្តែង និងច្រៀងរួមគ្នាម្តងៗហើយថែមទាំងបណ្តើរគ្នាយ៉ាងត្រសងដូចជាគូស្នេហ៍ទៀតផងទើបធ្វើឱ្យគេសង្ស័យថាតារាវ័យក្មេងមួយគូនេះមានស្នេហាទាំងក្នុងនិងក្រៅឆាកជាមួយគ្នា ។ មានការលើកឡើងដែរថា ដំណឹងស្នេហាក្រៅឆាកនេះចាប់ផ្តើមសាយភាយក្រោយពេលពួកគេបានក្លាយជាតារាតំណាងផលិតផល ក្រុមហ៊ុនទូរស័ព្ទមួយដែរនោះ ។

ទោះជាយ៉ាងណាគេនៅមិនទាន់ស្វែងរកការបញ្ជាក់ពី តារាស្រី រ៉េត ស៊ូហ្សាណាបាននៅឡើយទេ ប៉ុន្តែលោកStep បានប្រកែកថារូបគេគ្មានទំនាក់ទំនងពិសេសជាមួយស្រីស្អាតហ្សាណាជាស្នេហាទេគឺគ្រាន់តែជាមិត្តភក្តិរួមអាជីពតែប៉ុណ្ណោះ ។

លោកបញ្ជាក់ដែរថា មិនមានទៅណាបណ្តើរគ្នារហូតនោះទេគឺទៅកម្មវិធីខ្លះគឺជួបគ្នាដោយចៃដន្យប៉ុណ្ណោះមិនបានណាត់គ្នាមុនដែរ ។

លោកបញ្ជាក់ដែរថារវាងលោកនិងហ្សាណាគ្មានទំនាក់ទំនងអីក្រៅពីមិត្តរួមការងារទេមិនមែនស្នេហាអីទេនោះជាការយល់ច្រឡំទេ ។

ក្រៅពីបដិសេធលោកបានសរសើរពីរ៉េត ស៊ូហ្សាណាថាជាតារាម្នាក់ល្អធ្វើការគោរពពេលវេលាទាំងការថតបទចម្រៀងនិងថតភាពយន្ត ។ លោកថាក្រៅពីសម្តែងរឿងជាមួយគ្នាលោកក៏ថតចម្រៀងជាមួយគាត់ដែរទើបបានជាគេច្រឡំហ្នឹងព្រោះលោក និងនាងបានធ្វើការច្រើនជាមួយគ្នា ។

ប៉ុន្តែលោកនៅតែសសើរមិនដាច់ពីមាត់ថា រ៉េត ស៊ូហ្សាណាជាក្មេងស្រីដែលស្អាត ឆ្លាត និងមានអត្តចរិកគួរឲ្យរាប់អាន៕ វឌ្ឍនា


ចែករំលែក៖