ព័ត៌មានទាន់ហេតុការណ៍៖

ទោះ​អវត្តមាន​លោក​ កឹម​ សុខា​ សវនាការ​សាលាឧទ្ធរណ៍​នៅ​តែ​បន្ត​

ចែករំលែក៖

ភ្នំពេញ​៖ មន្ត្រី​សាលាឧទ្ធរណ៍​ ថ្លែង​ថា​​ សវនាការ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​តែ​បន្ត​នៅ​ព្រឹក​ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨​ ទោះបីជា​អវត្តមាន​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ។

កម្លាំង​សាធារណៈ​នៅ​តែ​ដាក់​ពង្រាយ​និង​មាន​របាំង​ ដើម្បី​ការពារ​នូវ​សណ្តាប់​ធ្នាប់​សាធារណៈ​ ។

លោក​មេធាវី​សំ​ សុគង់​ អះអាងថា​ កម្មវត្ថុ​សំខាន់​នៃ​សវនាការ​នេះ​ គឺ​ ក្រុម​មេធាវី​ប្តឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​៦ខែ​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។ ក្រុម​មេធាវី​ ថា​ ការ​សម្រេច​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ គឺ​ មិន​ត្រឹម​ត្រូវ​ ហើយ​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ ។ ប៉ុន្ដែ​ យោង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ កំណត់​ថា​ ជនណា​ជាប់​ចោទ​បទ​ឧក្រិដ្ឋ​ គឺ​ ចៅក្រម​ស៊ើបសួរ​អាច​ពន្យារ​ពេល​នៃ​ការ​ឃុំ​ខ្លួន​បាន​ ដោយ​មាន​សំអាង​ហេតុ​និង​មូលហេតុ​ច្បាស់លាស់​ ។

តាម​ដីកា​អញ្ជើញ​លោក​មេធាវី​សំ​ សុគង់​ ចូលរួម​សវនាការ​ បង្ហាញ​ថា​ សវនាការ​នេះ​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨ព្រឹក​ សាល​សវនាការ​ទី៣​ លើ​បទ​ចោទប្រកាន់​ សន្ធិដ្ឋិភាពជាមួយ​បរទេស​ ឬ​ ហៅ​ថា​បទល្មើស​ក្បត់​ជាតិ​ ។

គួរ​រំលឹក​ថា លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំហើយ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ព្រះរាជ​អាជ្ញា​៣រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង ដើម្បី​សាកសួរ​លោក កឹម សុខាដោយ​ការ​សាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់​លោក កឹម សុខា ដែរ៕ ចេស្តា​

 


ចែករំលែក៖