ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យយុវជនម្នាក់បានបាត់បង់ជីវិត ពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ ព្រោះតែជនរងគ្រោះជិះម៉ូតូធំមួយគ្រឿងយ៉ាងលឿន ហើយជ្រុលបុកជាមួយរថយន្តឡិចសីុស RX400 កំពុងបើកបញ្ច្រាសគ្នាពេញទំហឹង កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវបេតុង ផ្លូវកែងបត់ចូលបូរី លឹម ឈាងហាក់ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលហេតុការណ៍ គេឃើញយុវជនម្នាក់ជិះម៉ូតូធំ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO 2121. ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីកើតទៅលិច លុះដល់ចំណុចផ្លូវកែងបត់ចូលបូរី លឹម ឈាងហាក់ ក៏មានរថយន្តឡិចសីុស RX400 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT8979 បើកបរទិសដៅពីលិចទៅកើត ដែលបញ្ច្រាសគ្នាជាមួយម៉ូតូ ហើយក៏ពេលនោះ រថយន្តនឹងម៉ូតូក៏បានជ្រុលបុកគ្នា យ៉ាងពេញទំហឹងតែម្តង បណ្តាលម្ចាស់ម៉ូតូបោកក្បាលរបួសធ្ងន់ធ្ងរដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែអកុសលបានបាត់បង់ជីវិតពេលដឹកដល់មន្ទីរពេទ្យ ចំណែកម៉ូតូត្រូវរងការខូចខាតផ្នែកខាងមុខទាំងស្រុង រីឯរថយន្តបានឈប់នៅកន្លែងកើតហេតុ ហើយអ្នកបើកបរព្យាយាមរត់គេច ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ចរាចរណ៍ខាងលើនេះមានឈ្មោះ ព្រំ សាបឿន ហៅតាក់ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង ។ ចំណែកអ្នកបើករថយន្តឡិចសីុស RX400 មិនទាន់ស្គាល់អត្តសញ្ញាណ ខណៈដែលកើតហេតុរួចបានចុះគេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបន្តថា ក្រោយកើតហេតុម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋានវាស់វែងត្រង់ចំណុចកើតហេតុរួចប្រគល់ឲ្យមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅរក្សាទុកនៅការិយាចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕ ភារ៉ា ដង្កោ