ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសម្នាក់ក្នុងចំណោមបក្ខពួក២នាក់បន្ទាប់ពីបោករថយន្តយកទៅលក់ហើយគេចខ្លួនជាង៤ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានជនរងគ្រោះក្នុងអំពើឆបោកមួយចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ ចាត់ការតាមនិតិវិធី បន្ទាប់ពីជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ យករថយន្តរបស់គេមកលក់កាលពីឆ្នាំ២០១៤ វេលាម៉ោង១០និង៣០ នាទី នៅចំណុចក្នុងបរិវេណក្រសួងសាធារណការ និងដឹកជញ្ចូន ផ្លូវ៥៩៨ ក្រុមទី០៨ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញហើយគេចខ្លួនបាត់រហូត ។

ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០៧:០០នាទី នៅចំណុចផ្លូវជាតិលេខ០៥ ក្រុម០៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ ខន ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ៣០២ឃ ផ្លូវលំ ក្រុមទី០៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរលក់ដូរ បាត់បង់ថវិកាចំនួន $13,500 (មួយម៉ឺនបីពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិក) រីឯជនសង្ស័យឈ្មោះ សេង សូរិយា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរលក់ដូរ ។

សមត្ថកិច្ចឲ្យដឹងទៀតនៅឆ្នាំ២០១៤ ជនសង្ស័យខាងលើរួមនឹងបក្សពួក បានយករថយន្ត ម៉ាកហាយឡែនឌឺ ពណ៌ទឹកប្រាក់មិនចាំផ្លាកលេខ មកលក់ឲ្យជនរងគ្រោះ ក្នុងតម្លៃ ១៣.៥០០$ (មួយមុឺនបីពាន់ប្រាំរយដុល្លារគត់) លុះក្រោយមក មិនចាំថ្ងៃខែឆ្នាំ ម្ចាស់ដើមរថយន្តបានរករថយន្តឃើញ ហើយប្តឹងទៅការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ ឲ្យឃាត់រថយន្តបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដោះស្រាយប្រគល់ឲ្យទៅម្ចាស់ដើមវិញ ឯជនសង្ស័យបានគេចខ្លួនបាត់រហូត។ លុះដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះទី២ ឃាត់បានជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ប្រគល់ជូនសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នមន្ត្រីជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតីវិធី ៕ អរុណរះ

 


ចែករំលែក៖