ខេត្តមណ្ឌលគិរី ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះមន្ត្រីយោធាម្នាក់អស់ទាំងស្រុង គ្មានសល់សម្ភារប្រើប្រាស់នោះទេ ។
ហេតុការណ៍អគ្គិភ័យលេបត្របាក់ផ្ទះនេះបានកើតឡើងនៅវេលាម៉ោង៨ និង ១៥នាទី ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ។
លោក ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមាបានឲ្យដឹងថាករណីភ្លើងឆេះផ្ទះមន្ត្រីយោធាននេះ គឺបំផ្លាញផ្ទះ ឈើមួយខ្នងដែលមានទំហំ៩ម៉ែត្រគុណ ១១ម៉ែត្រសង់ពីឈើប្រក់សង្ក័សី។
ម្ចាស់ផ្ទះមានឈ្មោះ ឡុងប្រុស ភេទ ប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា ប្រពន្ធឈ្មោះ ឡុង វណ្ណា អាយុ៤១ឆ្នាំ ជនជាតិខ្មែ មុខរបរមេផ្ទះមានកូនពីរនាក់ក្នុងបន្ទុក ។
លោកអធិការបានបន្តថាសម្ភារខូចខាតរួមមាន ផ្ទះចំនួន១ខ្នង កង់គោយន្តកន្ត្រៃ ចំនួន២គូ ម៉ូតូចាស់១គ្រឿង ផ្ទាំងសឡា និងអាគុយចំនួន២គ្រឿង ឈើគ្រឿង សម្រាប់ធ្វើផ្ទះចំនួនមួយគូប និងមាន គ្រឿងសង្ហារិម តុទូចាន ឆ្នាំងជាច្រើន ទៀតផងដែរ។
ក្នុងហេតុការណ៍ខាងលើនេះត្រូវបាន សមត្ថកិច្ចបញ្ជាក់ថាមូលហេតុឆេះចេញពីផ្ទះបាយអស់ពាក់កណ្តាលហើយទើបមានអ្នកជិតខាងបានឃើញនាំគ្នាស្រែកឆោឡោ ។
ដោយអំណាចភ្លើងឆេះពេញបន្ទុកខ្លាំងពេកទើបមិនអាចជួយពន្លត់បានហើយ ម៉្យាងទៀតដោយសារទីតាំងកើតហេតុ មានចម្ងាយឆ្ងាយពីទីប្រជុំជនទីរួមស្រុក ផង (ភូមិនេះស្ថិតនៅក្នុងព្រៃដែនជម្រក សត្វពិបាកផ្លូវធ្វើដំណើរ) ដូច្នេះហើយទើប រថយន្តពន្លត់អគ្គិភ័យមិនអាចជួយបាន ទាន់ពេល ៕ ជីវន្ត