ព័ត៌មានទាន់ហេតុការណ៍៖

អា បាកុ​ បម្រុងចុះប្រេងនៅមណ្ឌលគិរី​ត្រូវបានបង្ក្រាបដោយមន្ត្រីជំនាញ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សត្វដំរីឈ្មោលមួយក្បាល ដែលគេចិញ្ចឹមសម្រាប់បម្រើដល់វិស័យទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី​ ដែលចុះប្រេងពេលនេះ ត្រូវបានអ្នកជំនាញបង្ក្រាបឥទ្ធិពលនៃភាពចុះប្រេងរបស់វានោះបានហើយ ​បន្ទាប់ពីវាបានដាច់ចំណងហើយសម្ងំក្នុងព្រៃកាលពីថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ។

ប្រភពពីលោកអធិការក្រុងសែនមនោរម្យបានប្រាប់ឲ្យដឹងនៅម៉ោង១២ថ្ងៃត្រងថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ថា​ ដំរីឈ្មោលដែលចុះប្រេងនោះមាន ឈ្មោះ​ បាកុ​ ដែលមានម្ចាស់ឈ្មោះពុក ហាន់ ហើយត្រូវចាប់មកវិញបានហើយ បន្ទាប់ពីមានការសហការអន្តរាគមន៍ពីជំនាញពេទ្យសត្វរបស់អង្គការវាយអេត កាលពី ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ។

លោកបន្តថា នៅពេលនេះដំរីខាងលើត្រូវពេទ្យសត្វចាក់ថ្នាំបន្សាបការចុះប្រេង និងបង្អត់អាហារមួយរយៈសិន ដើម្បីឲ្យភាពកាចសាហាវដែលត្រៀមនឹងចុះប្រេងខ្លាំង អន់ថយចុះទៅវិញ។

មន្ត្រីជំនាញនៃអង្គការសត្វព្រៃខាងលើបញ្ជាក់ថា​ ដំរីខាងលើនោះ មិនទាន់អនុញ្ញាតឲ្យចូលរស់នៅក្នុងភូមិនោះទេ គឺកុំឲ្យប៉ះពាល់ ឬគ្រោះថ្នាក់ដល់អ្នកភូមិ។

ឯដំរីចុះប្រេងមួយក្បាលទៀត រស់នៅក្បែរទឹកធ្លាក់លែងត្រុក ដែលស្ថិតក្នុងទឹកដីក្រុងសែនមនោរម្យ ដែលនៅក្បែរចំណុចដំរីជាន់ហ្មសម្លាប់កាលពីពេលកន្លងមកនោះ បានរួចពីចំណងនៅវេលាយប់ថ្ងៃទី២៦ ខែមីនានេះ ហើយដំរីនោះ ក៏បានចូលទៅសម្ងំក្នុងព្រៃចំណុចអូរតេ ដែលមានចម្ងាយ២ទៅ៣គីឡូម៉ែត្រពីផ្ទះម្ចាស់របស់វា ។

ចាប់តាំងពីរួចពីចំណងរហូតមកដល់ថ្ងៃបង្ក្រាបបាន ដំរីនោះមិនបានធ្វើឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ពីភាពកាចសាហាវរបស់វានោះទេ៕ ជីវន្ត


ចែករំលែក៖