ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដវ៉ាជែងក្នុងស្ថានភាពគ្រោះជ្រុលទៅបុកម៉ូតូមួយគ្រឿងបើកស្របទិសគ្នានៅខាងមុខបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតទទួលរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្ដមួយគ្រឿងទៀតបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់បានមកបុកម៉ូតូពីក្រោយពេញមួយទំហឹង កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូមែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ឈួន វី ភេទប្រុស អាយុ៣៧ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុន១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GU-0119 មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ប៉ុក ខន ភេទប្រុស អាយុ៣៨ឆ្នាំ (ទទួលរងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិចំបក់ធំ សង្កាត់ព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែករថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ3A-0591 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដបង្កម៉ាកហ៊ីយ៉ានដាយបានបើកបរក្នុងល្បឿនលឿនវ៉ាជែងរថយន្ដមួយមួយគ្រឿងបើកនៅខាងមុខដោយមិនមើលពីស្ថានភាពផ្លូវនិងប្រុងប្រយ័ត្ននោះទេ ក៏បានជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកឌុបស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរម្នាក់ទៀតទទួលរងរបួសធ្ងន់ ។ ចំណែកអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីជនរងគ្រោះស្លាប់បាត់បង់ជីវិតត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំពោះមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែង កសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖