ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំងបញ្ជាក់រឿងចេញក្រៅប្រទេសរួមគ្នាញឹកញាប់

ចែករំលែក៖

ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើតឲ្យមានការលេចចេញភាពសង្ស័យរឿងទំនាក់ទំនងស្នេហាក្រៅឆាករហូតពេលខ្លះពួកគេបណ្តើរគ្នាចេញទៅក្រៅប្រទេសផងដែរ ។ ពួកគេថ្លែងរួមគ្នាថា ការចេញទៅក្រៅស្រុករួមគ្នាជាញឹកញាប់ ព្រោះតែហេតុផលការងាររួមគ្នាប៉ុណ្ណោះ ។

ស៊ីន យូប៊ីន និង ខាត់វ៉ៃហាំង បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំងក្រោយពីពួកគេទទួលបាន ឱកាសសម្តែងភាពយន្តបទេស និងចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើនបន្តបន្ទាប់។ ពួកគេអះអាងថាក្រោយ ចាប់ដៃគូគ្នាត្រឹមតែរយៈពេលខ្លី ស៊ីគឺលេចចេញការគាំទ្រច្រើនរួមទាំងបានសម្តែងភាពយន្តក្នុងស្រុកជាច្រើនរួមគ្នា។ ពួកគេទាំងពីរក៏មានឱកាសបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ជួបជុំសិល្បករលំដាប់អន្តរជានានាជាច្រើនបន្តបន្ទាប់ដូចជាកាលពីថ្មីៗនេះពួកគេបានបង្ហាញវត្តមានក្នុងកម្មវិធីThe Influencer Renovation ដែលវាជាការប្រមូលផ្តុំសិល្បករនិងសិល្បការិនីពីគ្រប់ប្រទេសពិសេសប្រទេសចិនប្រទេសសមាជិកអាស៊ាននៅលើឆាកមហោស្រពដ៏ល្បីMarina Sands Bay របស់ប្រទេសសិង្ហបុរី។ មិនតែប៉ុណ្ណោះខាត់ វ៉ៃហាំង ក៏ទើបនឹងបញ្ចប់ការសម្តែងភាពយន្តរឿង”អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ”ដែលជាភាពយន្តសហការបីប្រទេសរួមគ្នាកម្ពុជា ឡាវ ថៃ ហើយតារាប្រុសរូបនេះក៏ទទួលបានការកោតសរសើរខ្លាំងពីក្រុមផលិតភាពយន្តមកពីប្រទេសថៃផងដែរ។

ស៊ីន យូប៊ីន បញ្ជាក់ថាថ្មីៗកន្លងមកនាងនិងវ៉ៃហាំង ទទួលបានការងារច្រើនពីផលិតករក្នុងនិងក្រៅស្រុក ហើយសម្រាប់ឆ្នាំនេះនាងនៅតែទទួលបានឱកាសជាច្រើនបន្តទៀតប៉ុន្តែនាងស្នើសុំមិនទាន់បញ្ជាក់។ នាងថាថ្មីនេះដែរនាងនិងវ៉ៃហាំងក៏ទើបនឹងបញ្ចប់ការសម្តែងភាពយន្តភាគថ្មីមួយដែលសហការដោយទូរទស្សន៍PNNនិងទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃផងដែរគឺរឿង”អាថ៌កំបាំងត្រីសូល”។កញ្ញាថារឿងស្នេហាគឺត្រូវរងចាំមើលថាតើទៅថ្ងៃមុខយ៉ាងណាគឺនាងមិនទាន់ដឹងថានឹងអាចឈានដល់ដំណាក់កាលស្នេហាឬយ៉ាងណានោះទេ។

លោកខាត់ វ៉ៃហាំងលើកឡើងថា លោកនិង យូប៊ីនក៏ប្រកាសទទួលយកឱកាសចូលរួមថតភាពយន្តពីតំបន់បស្ចឹមប្រទេសផងដែរ។ អ្វីដែលលោកទទួលបានឱកាសកន្លងមកនិងបន្តការងារថ្មីនេះព្រោះតែលោកនិង ដៃគូ ទទួលបានទំនុកចិត្ត ពេញចិត្តពីផលិតករ។ លោកថាភាពហ្មត់ចត់នឹងការងារ ការទំនាក់ទំនងគឺជាភាពចាំបាច់បន្ថែមលើរូបសម្រស់សម្រាប់សិល្បករ ហើយលោក និងយូប៊ីន សុទ្ធតែអាចប្រើប្រាស់ភាសាទំនាក់ទំនងបានល្អ។ លោកថាភាសាដែលលោកអាចប្រើប្រាសជាមួយផលិតករបានគឺភាសាអង់គ្លេស ថៃ ចិន ខណៈដែលយូប៊ីនក៏អាចប្រើប្រាស់បន្ថែមភាសាវៀតណាម និងភាសាឡាវមួយទៀតផងដែរ។

សម្រាប់តម្លៃខ្លួននៃការទទួលយកកម្មវីធីនិងការថតភាពយន្តគឺមានការខុសឆ្ងាយគ្នាខ្លាំងប៉ុន្តែពួកគេនៅតែពេញចិត្តនឹងការប្រឡូកការងារទាំងក្នុងនិងក្រៅស្រុក។ ក្រោយពីចាប់ដៃគូសម្តែងរួមគ្នាចាប់តាំងពីឆ្នាំ២០១៤មកគឺមានភាពយន្តប្រមាណ១៣រឿងរួចមកហើយ ហើយចំនួននេះនឹងបន្តកើនឡើងគ្រាដែលផលិតករជាច្រើនកំពុងទាក់ទងពួកគេ៕ វឌ្ឍនា


ចែករំលែក៖