ព័ត៌មានទាន់ហេតុការណ៍៖

សំណាងណាស់ចេះភ្ជាប់ប្រព័ន្ធGPS កុំអីចប់ !​ អ្នករត់តាក់សុីម្នាក់រករថយន្ដឃើញវិញតាមប្រព័ន្ធGPS ក្រោយពីចោរលួចបានកន្លះម៉ោង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដកាមរីបាឡែនមួយគ្រឿងត្រូវជនសង្ស័យធ្វើសកម្មភាពលួចបុកសោរលួចបានសម្រេច ហើយយកមកប្លុងចោលនៅក្នុងអគារបុរីកីឡា រួចគេចខ្លួនបាត់ ដោយសារតែដឹងថា ម្ចាស់រថយន្តកំពុងតែឆែកតាមប្រព័ន្ធGPS ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នៅចំណុចខាងក្រោយផ្សារសេនជូរី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោរធិ៍សែនជ័យ ហើយត្រូវម្ចាស់ឆែកតាមប្រព័ន្ធ GPSទើបរកឃើញវិញ នៅក្នុងអគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក្រោយពីជនសង្ស័យយករថយន្ដមកប្លុងចោល។

ម្ចាស់រថយន្ដឈ្មោះ ថៃ ចាន់ថន ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរអ្នករត់តាក់សុីឯកជន ស្នាក់នៅកន្លែងកើតហេតុខាងលើ ចំណែករថយន្ដដែលត្រូវជនសង្ស័យលួចនោះម៉ាក កាមរីបាឡែន ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AQ-4819។

តាមការៀបរាប់ពីម្ចាស់រថយន្ដបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ទើបតែចេញពីអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ រួចចូលផ្ទះមួយភ្លែតដោយទុករថយន្ដនៅខាងមុខផ្ទះ ដោយរូបគាត់ដេកចុចទូរស័ព្ទក្នុងផ្ទះ ។

ប្រភពបានបន្តថា ប្រហែលជាកន្លះម៉ោងក្រោយមក ស្រាប់តែលឺសំលេងរថយន្ដរបស់គាត់បញ្ឆេះហើយបើកចេញបាត់ ពេលនោះគាត់ក៏បានឆែកមើលក្នុងប្រព័ន្ធGPSឃើញរថយន្ដកំពុងធ្វើដំណើរលើដងផ្លូវហើយមកឈប់នៅក្នុងអគារបុរីកីឡា ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ តែជនសង្ស័យបានគេចខ្លួនបាត់ ។

ក្រោយរករថយន្ដឃើញវិញសមត្ថកិច្ចបានឲ្យម្ចាស់រថយន្ដយកឯកសារគ្រប់គ្រាន់រួចប្រគល់ឲ្យទៅម្ចាស់ដើមវិញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖