ខេត្តត្បូងឃ្មុំ ៖ មនុស្ស៣នាក់បានស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ផ្តើមឡើងមន្ត្រីអង្គភាពជំនាញទារលុយ បើកឡានប្រដេញកៀរបណ្តាលឲ្យឡានបុកគ្នា៣គ្រឿង រហូតក្រឡាប់ នៅលើផ្លូវជាតិលេខ៨ ស្ថិតនៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីព្រឹក ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ។
ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺផ្តើមពីការមិនព្រមបង់ លុយក្បាលឡានចំនួន៦ម៉ឺនរៀលជូនអង្គាភពជំនាញ ធ្វើឲ្យមន្ត្រីអង្គភាពនោះខឹងក៏ចេញ រថយន្តប្រដេញតាមពីក្រោយ ថែមទាំងបាញ់គំរាមមួយគ្រាប់ទៀត បង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍តែម្តង ។
ប្រភពបានបន្តថា ក្នុងហេតុការណ៍នោះបានបណ្តាលឲ្យស្លាប់មនុស្សចំនួន៣នាក់ និង៤នាក់ទៀតរបួស ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៏ទោ បែន រ័ត្ន មិនបានបញ្ជាក់ឲ្យដឹង ពីអង្គភាពដែលចេញឡានបើកប្រដេញឡានដឹកឈើ ថានៅអង្គភាពមកពីខាងណានោះទេ ខណៈលោកកំពុងចាត់ឲ្យមន្ត្រីជំនាញចុះស្រាវជ្រាវ និងរកមុខអ្នកបាញ់បោះ ។ ចំណែកវត្ថុតាងរថយន្ត ត្រូវបានស្ទូចរក្សាទុកដាក់នៅបរិវេណប៉ុស្តិ៍រដ្ឋបាលកក់ជាបណ្តោះអាសន្នផងដែរ ។
អ្នកដឹងរឿងរ៉ាវជុំវិញករណីខាងលើនេះ បានបញ្ចេញជាទស្សនៈថា យកល្អសូមប្រធានអង្គភាពនោះ ឲ្យកូនចៅចេញមកសារភាព និងទទួលខុសត្រូវមក ព្រោះអ្នកនៅរស់ (អ្នកបើក ឡានដឹកឈើ) ស្គាល់មុខកូនចៅនោះច្បាស់ដូចថ្ងៃ!! នគរបាលជំនាញកំពុងស្រាវ ជ្រាវរឿងហ្នឹងហើយ ៕ វណ្ណៈ