ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ពុំ​ទាន់​សម្រេច​ទេ​ ចំពោះ​ជនសង្ស័យ​៥នាក់​ នៃ​អំពើ​ឃាតកម្ម​លើ​នារី​ ចេវ​ សុវឌ្ឍនា​

ចែករំលែក៖

ភ្នំពេញ​៖ រហូត​មក​ទល់​ពេល​នេះ​ លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពុំ​ទាន់​សម្រេច​បែប​ណា​ទេ​ ចំពោះ​ជនសង្ស័យ​៥នាក់​មាន​លោក​ឡាយ​ ណារិទ្ធ​ ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ​ ម្នាក់​ ចំពោះ​អំពើ​​ឃាតកម្ម​លើ​នារី​ចេវ​ សុវឌ្ឍនា​ ។ តុលាការ​នឹង​បន្ត​នីតិវិធី​ នៅ​ថ្ងៃទី១​ ខែមេសា​​ បន្ត​ទៀត​ ។

ពន្លឺ​យុត្តិធម៌​សម្រាប់​សពនារី​ស្រស់​ស្អាត​ ចេវ​ សុវឌ្ឍនា​ ជិត​ឃើញ​ហើយ​ នៅ​ពេល​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ បញ្ជូន​ជនសង្ស័យ​៥នាក់​ មាន​នារី​ផង​នោះ​ មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​តាម​ច្បាប់​។

ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ​ លោក​ ឡាយ​ ណារិទ្ធ​ ជា​បងប្រុស​បង្កើត​លោក​ ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ និង​ ជនសង្ស័យ​៤នាក់​ទៀត​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​តុលាការ​ ។

​សមត្ថកិច្ច​បាន​បំបែកសំណុំរឿង​ស្ត្រី​រូប​ស្រស់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បម្រើការ​នៅ​រដ្ឋសភា ដែល​ស្លាប់​ដោយ​រូបភាព​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​នៅ​នឹង​បង្អួច​ក្នុងភូមិ​គ្រឹះ នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ មិនមែនជា​ករណី​អត្តឃាត​នោះទេ គឺជា​ការ​អំពើ​ឃាតកម្ម​។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​បង្ហើប​ឱ្យ​ដឹង​ថា​ នៅ​មាន​ជនសង្ស័យ​ជា​ច្រើន​ទៀត​ អាច​ពាក់ព័ន្ធ​ករណី​ដ៏​កក្រើក​នេះ​​៕  ចេស្តា


ចែករំលែក៖