ភ្នំពេញ៖ ដើម្បីចូលរួមចំណែកលើកស្ទួយវប្បធម៌ អរិយធម៌ និងថែរក្សាកេរដំណែលប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណ ក៏ដូចជាការគាស់កកាយឡើងវិញ នូវអនុស្សាវរីយផ្អែមល្ហែមនៃពិធីជប់លៀងមួយក្នុងយុគ្គសម័យមាសទសវត្សរ៍ទី៦០ ទស្សនាវដ្តី សូវរីន(Sovrin) បានរំលេចនូវរូបភាពក្របមុខ នូវរូបភាពដ៏អស្ចារ្យទាំងនេះដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង។
ការប្រកាសបញ្ចេញក្រមមុខបង្ហាញពីសម័យសង្គមរាស្ត្រនិយមដែលស្ថតិក្នុងអត្ថន័យថា នៅតែនឹកអ្នក នេះធ្វើឡើងកាលពីល្ងាចថ្ងៃទី០១ ខែមេសានេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ក្រោមវត្តមានភ្ញៀវជាតិអន្តរជាតិនិងសិល្បករជាច្រើនចូលរួមផងដែរ។
លោក ជ័យ រដ្ឋា នាយកច្នៃប្រឌិតទស្សនាវដ្តីសូវរីន(Sovrin) បានបញ្ជាក់ថាក្របមុខនេះនឹងបង្ហាញយ៉ាងប្រត្យនូវទិដ្ឋភាពនៃពិធីជប់លៀងមួយ អបដោយភាពទំនើបទាន់សម័យរបស់ប្រជាជនកម្ពុជា ក៏ដូចជាបង្ហាញឲ្យឃើញនូវសម្លៀកបំពាក់ និងការតុបតែងខ្លួនដ៏ស៊ីវីល័យ ស្របពេលដែលកម្ពុជាត្រូវបានគេដាក់រហ័សនាមនាសម័យនោះថាជាអលង្ការដ៏លេចធ្លោមួយនៅអាស៊ីក្នុងទសវត្សរ៍ទី៦០។ លោកសង្ឃឹមថាវាអាចនឹងចូលរួមចំណែកតូចមួយក្នុងដំណើរការផ្សព្វផ្សាយនូវភាពទំនើបស៊ីវីល័យរបស់កម្ពុជានូវអតីតកាលដែលមានតម្លៃជាសាកល និងទុកជាឯកសារសម្រាប់កូនចៅជំនាន់ក្រោយ។
ដើម្បីកាន់តែឆ្លុះបញ្ចាំងពីអតីតកាលដ៏ស្រស់បំព្រងនេះ ក្រុមការងារផលិតបានជ្រើសរើសយកទីតាំងសណ្ឋាគារបូទិកមួយកន្លែងគឺ Le Relals De Chhlongនៅស្រុកឆ្លូងខេត្តក្រចេះដែលមានសំណង់នេះមានអាយុកាលជាង១០០ឆ្នាំពោលគឺស្ថិតក្នុងសម័យអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩១៦ ។ ទិដ្ឋភាព និងការសម្រិតសម្រាំងយ៉ាងពិសេសនេះបានទាញអារម្មណ៍អ្នកមើលវិលត្រឡប់ទៅកាន់ពិភពនៃក្តីស្រមៃ នាអតីតកាលដ៏ស្រស់ស្អាតនោះ។
ក្រៅពីការរៀបចំច្នៃប្រៃឌិតថតរូបភាពក្រុមការងារក៏បានផលិតវីដេអូឃ្លីបមួយដ៏គួរឲ្យចាប់អារម្មណ៍ដែលបានឆ្លុះបញ្ចាំងអំពីពិធីជប់លៀងយ៉ាងគគ្រឹកគគ្រេងមួយរបស់ប្រជាជនកម្ពុជាតាមបែបផែនជិវិតអភិជនក្នុងសម័យទសវត្សរ៍ទី៥០ និង៦០ អបដោយបទចម្រៀងសំនៀងដើមរបស់លោកស្រីប៉ែន រ៉នយ៉ាងពិរោះរណ្តំគឺបទ”កុំមកញញឹមដាក់ខ្ញុំ”។ វីដេអូននេះត្រូវបានចូលរួមសម្តែងដោយសិល្បករខ្មែរជំនាន់ក្រោយស្រស់សង្ហា ស្រស់សោភាជាច្រើនរូបពិសេសពីសំនាក់បវរកញ្ញាចក្រវាឡកម្ពុជាកញ្ញា ប៊ី សុធារី ផងដែរ។
គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទី១ទេ ដែលក្រុមផលិតរបស់ទស្សនាវដ្តីសូវរីន(Sovrin) បានបង្កើតឲ្យមានទស្សនីយភាពដ៏ជក់ចិត្តដិតអារម្មណ៍ជាច្រើនពិសេសទិដ្ឋភាពសង្គមខ្មែរពីអតីតកាល ដែលបានជំរុញលើកទឹកចិត្តឲ្យយុវវ័យជំនាន់ក្រោយបានដឹងនិងចូលរួមថែរក្សាលើកស្ទួយវប្បធម៌អរិយធម៌និងថែរក្សាកេរដំណែលប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណ៕ វឌ្ឍនា