ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល២ស្រុកស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើង៦នាក់បង្កការភ័យខ្លាចអ្នកបើករថយន្តក្រោយយកដំថ្មគប់រថយន្តកំពុងធ្វើដំណើរនៅពេលយប់បណ្តាលឲ្យបែកកញ្ចក់រងរបួសម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលចំនួន២ស្រុកគឺស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ បានសហការគ្នាស្រាវជ្រាវស៊ើបអង្កេត ឈានដល់ការបង្រ្កាបចាប់ខ្លួនក្រុមក្មេងទំនើង៦នាក់នោះហើយ កាលពីរសៀលថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ដែលក្រុមក្មេងទំនោះជាមុខសញ្ញាបង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរតាមរថយន្ត ។ ក្រោយកើតនូវហេតុការមានក្រុមក្មេងទំនើងបានពួនស្ទាក់យកដុំថ្មគប់ទៅលើរថយន្តប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១៥៦D បណ្តាលបែកកញ្ចក់រងរបួសយ៉ាងដំណំអ្នកធ្វើដំណើរក្នុងរថយន្តម្នាក់ ។

សូមរំលឹកថា បើតាមសេចក្តីរាយការណ៍ពីកម្លាំងនគរបាលស្រុកព្រះនេត្រព្រះឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១៥៦D ក្នុងភូមិសាស្រ្តក្បែរវត្តស្រមោច ស្ថិតនៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ស្រុកមង្គលបូរី មានក្រុមក្មេងទំនើង១ក្រុមមានគ្នាពី៦ទៅ៨នាក់បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរថយន្តរបស់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់នៅចំណុចខាងលើណ្តាលឲ្យត្រូវរងរបួសម្នាក់ ។ ក្រោយពីកើតហេតុនោះហើយជនរងគ្រោះ បានបង្ហោះព័ត៌មានតាមហ្វេសប៊ុក បង្កឲ្យមានការភ្ញាក់ផ្អើល ។ ព័ត៌មាននោះក៏លិចឮដល់ ស្នងការនគរបាលនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ។ លោកឧត្តមសេនីយ៍ស្នងការក៏បានចាត់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកាំកម្លាំងការិយាល័យជំនាញ សហការជាមួយ និងកម្លាំងនគរបាលស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះដើម្បីស្រាវជ្រាវស៊ើបអង្កេត ហើយក៏កំណត់បានមុខសញ្ញាក្រុមក្មេងទំនើងបង្ក ។ កម្លាំងនគរបាលឈានដល់ការចាប់ខ្លួន៦នាក់ចំណែក២នាក់ទៀតកំពុងរត់គេចខ្លួន ។

អធិការនគរបាលស្រុកព្រះនេត្រព្រះវរសេនីយ៍ទោ មាស រិទ្ធី ប្រាប់ឲ្យដឹងថាក្មេងទំនើងទាំង៦នាក់នោះពួកគេរស់នៅក្នុងស្រុកមង្គលបូរី និងនៅស្រុកព្រះនេត្រព្រះ ស្ថិតនៅក្បែរភូមិសាស្រ្តបង្កហេតុខាងលើ ។

បើតាមចម្លើយសារភាពពីក្រុមក្មេងទាំងនោះគឺពួកគេផឹកស្រាស្រវឹង រពឹសដៃក៏បានធ្វើសកម្មភាពយកដុំថ្មគប់រថយន្តអ្នកធ្វើដំណើរលេង ។

ក្រុមក្មេងទំនើងខាងលើក្នុងចំណោមពួកគេ៦នាក់កម្លាំងនគរបាលស្រុកព្រះនេត្រព្រះស្រាវជ្រាវឃើញថាមានជនដៃដល់២នាក់ប៉ុណ្ណោះជាជនដៃដល់ ចំណែក៤នាក់មិនបានចូលរួមធ្វើសកម្មភាពនោះទេ ។ កម្លាំងនគរបាលចាប់បញ្ជូន២នាក់ជាជនដៃដល់ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយឡែង៤នាក់ទៀតត្រូវបានអប់រំកែប្រែធ្វើ កិច្ចសន្យាដោះលែងទៅផ្ទះវិញ ។ ចំណែកបក្ខពួក២នាក់ទៀតកំពុងរត់គេចខ្លួនក៏ជាមុខសញ្ញា ជនដៃដល់នោះផងដែរសមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួនដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា


ចែករំលែក៖