កូដកម្មរបស់បុគ្គលិករថភ្លើង រដ្ឋSNCF ពេលនេះកំពុងតែរាលដាលទៅជាមហា បាតុកម្មទ្រង់ទ្រាយធំពីបុគ្គលិក ក្រុមហ៊ុន នានា ទាំងផ្លូវដែក ផ្លូវអាកាសនិងបុគ្គលិក រដ្ឋជាច្រើនផ្សេងទៀត ដើម្បីប្រឆាំងទៅ នឹងកំណែទម្រង់ ច្បាប់ពលកម្មរបស់ លោកម៉ាក្រុង។
ប្រធានាធិបតីបារាំងបានស្នើឲ្យកែប្រែ លុបចោលការផ្តល់អាទិភាព ដល់ក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែករបស់រដ្ឋ ធ្វើឲ្យរដ្ឋត្រូវ ខាតបង់ជាច្រើន ។ គម្រោង នោះរងការ ប្រឆាំងយ៉ាងខ្លាំង ពីបុគ្គលិក។ ការផ្តល់ អាទិភាព កើតមានតាំងពី៩០ឆ្នាំមក ហើយ។ អ្នកដែលទទួលបានការផ្តល់អាទិ ភាព គឺមិនខ្លាចត្រូវបណ្តេញចេញឡើយ មិនត្រឹមតែប៉ុណ្ណោះទទួលបាន ផល ប្រយោជន៍ផ្សេងៗជាច្រើន ពីការរស់នៅ និង ពេលចូលនិវត្តន៍។បច្ចុប្បន្នមាន បុគ្គលិកទទួលបានអាទិភាពនៅក្នុងក្រុមហ៊ុន SNCF មានរហូតដល់ ១៥០.០០០នាក់។
ប៉ុន្តែរដ្ឋាភិបាលបារាំង មានហេតុផល ជាច្រើន ដើម្បីធ្វើកំណែទម្រង់ក្រុមហ៊ុនរដ្ឋដ៏ធំមួយនេះ គឺ ទីមួយ ក្រុមហ៊ុនអយស្ម័យ យានបារាំង លង់ខ្លួនជាប់បំណុលរហូត ដល់ទៅ ៥៤,៤ពាន់លានអឺរ៉ូ។ ជាច្រើនឆ្នាំ មកហើយ ក្រុមហ៊ុនធ្វើវិនិយោគច្រើនតែលើបណ្តាញខ្សែរថភ្លើងល្បឿនលឿន បង្កើតខ្សែថ្មី ឯខ្សែផ្លូវដែកចាស់ (បណ្តាញ ក្នុងក្រុង និងក្នុងតំបន់) ត្រូវបានបំភ្លេចជាហេតុធ្វើឲ្យសេវាកាន់ចុះអន់ទៅៗ។ ម្យ៉ាង វិញទៀត រដ្ឋាភិបាលចង់បើកចំហទីផ្សារ ដឹកជញ្ជូនផ្លូវដែកបារាំង (ដែលធ្លាប់តែ គ្រប់គ្រងផ្តាច់មុខនៅក្នុងប្រទេស) ឱ្យមាន លក្ខណៈប្រកួតប្រជែង ចាប់ពីឆ្នាំ២០១៩ ចំពោះបណ្តាញរថភ្លើងថ្នាក់ជាតិ និងតំបន់ និងចាប់ពី២០២០ទៅ សម្រាប់រថភ្លើង ល្បឿនលឿន TGV ដើម្បីលើកកម្ពស់សេវា កម្ម។
បើតាមគម្រោងច្បាប់កំណែទម្រង់របស់រដ្ឋាភិបាល ចេញកាលពីថ្ងៃទី ១៤ មីនា គេត្រូវប្តូរលក្ខន្តិកៈនៃក្រុមហ៊ុន ពីស្ថាប័នក្រុម ហ៊ុនជាតិ ទៅជា “ក្រុមហ៊ុនសហគ្រាស” ធម្មតា ដែលជារបស់រដ្ឋដដែល ប៉ុន្តែមិន អាចជំពាក់មានបំណុលសេ្រចនឹងចិត្តបានទៀតទេ។ ការប្តូរផ្លាស់ដ៏សំខាន់មួយទៀត គឺលក្ខន្តិកៈរបស់បុគ្គលិក ដែលនឹងលែង មានលក្ខន្តិកៈពិសេស ធានាការងារអស់ មួយជីវិតដូចមុនទៀតហើយ ចំពោះអ្នក ចូលថ្មី ។
ចាប់ពីម៉ោង ៧យប់ ម៉ោងនៅប្រទេស បារាំងថ្ងៃទី ២ មេសាទៅ បារាំងត្រូវប្រឈម នឹងរលកកូដកម្ម ដ៏វែងអន្លាយមិនធ្លាប់មាន ! ដោយចាប់ផ្តើមពីបាតុកម្មរបស់បុគ្គលិកអយស្ម័យយាន ដែលមានគម្រោងឈប់ មិនធ្វើការពីរឬបីថ្ងៃក្នុងមួយសប្តាហ៍ រយៈ ពេលបីខែ។ កម្មវត្ថុនៃកូដកម្មនេះ គឺដើម្បីប្រឆាំងនឹងកំណែទម្រង់របស់រដ្ឋាភិបាល។ ចរាចរណ៍ផ្លូវដែក ដែលជាសេវាដឹកជញ្ជូនដ៏សំខាន់របស់បារាំង នឹងជួបភាពរអាក់ រអួល និងជាប់គាំងយ៉ាងខ្លាំង ព្រោះអត្រានៃអ្នកចូលរួមធ្វើបាតុកម្មមានចំនួនឡើង ដល់ទៅ ៤៨% និងជាង៧៧% ក្នុង ចំណោមអ្នកបើកបររថភ្លើង។ នេះបើតាមតួលេខដែលមានប្រកាសក្នុងសំណើសុំធ្វើកូដកម្ម តាមផ្លូវច្បាប់ (៤៨ម៉ោងមុនចាប់ធ្វើ បាតុកម្ម)។ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាស បុគ្គលិកផ្នែកថាមពលអគ្គិសនី បុគ្គលិក អនាម័យ(អ្នកប្រមូលសំរាម) ក៏បានប្រកាស ឈប់ធ្វើការ និងធ្វើបាតុកម្ម ចាប់ពីថ្ងៃស្អែក ទី ៣ មេសាទៅដែរ។
ក្រុមហ៊ុនអយស្ម័យយានបារាំង SNCF ដែលជាក្រុមហ៊ុន ដឹកជញ្ជូនផ្លូវដែក រដ្ឋ នឹងចាប់ផ្តើមធ្វើកូដកម្ម ជាផ្លូវការនៅថ្ងៃទី ៣ មេសា ។ ប៉ុន្តែភាពរអាក់រអួល ត្រូវចាប់ មានតាំងពីល្ងាចនេះទៅ ហើយអាចប៉ះ ពាល់រំខាន យ៉ាងខ្លាំង ដល់អ្នកដំណើរ ប្រមាណជាង៤,៥លាននាក់ក្នុងមួយថ្ងៃៗ។ ក្រុមហ៊ុនបានច្នៃប្រតិដ្ឋរកឃើញគំនិតរៀបចំធ្វើកូដកម្មបែបថ្មី ក្នុងទ្រង់ទ្រាយធំ និង វែង ដោយបាននាំគ្នាឈប់ធ្វើការ ពីរ ឬបី ថ្ងៃក្នុងសប្តាហ៍ រហូតដល់ចុងខែមិថុនា ពោលគឺបើរាប់ចំនួនសរុបទៅត្រូវជា ៣៦ ថ្ងៃ ដើម្បីបង្ហាញកំហឹង និងការមិនពេញ ចិត្តចំពោះកំណែទម្រង់របស់រដ្ឋាភិបាល។
នៅពេលនេះការធ្វើកូដកម្ម កំពុងតែ រាលដាលដល់ បណ្តាក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗទៀត និងក្រុមហ៊ុនរដ្ឋ ក្នុងនោះ មានក្រុមហ៊ុន អាកាសចរណ៍ អគ្គិសនី ។ សហជីពក្រុមហ៊ុនប្រមូលសំរាម អគ្គិសនី បានប្រកាសធ្វើបាតុកម្មដែរ នៅថ្ងៃអង្គារ ក្នុងថ្ងៃតែមួយនិងបាតុកម្មរបស់បុគ្គលិក ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France ដែលក្នុងរយៈពេលតែមួយខែធ្វើឲ្យមាន បាតុកម្មដល់ទៅបួនដងដើម្បីទាមទារ ដំឡើងប្រាក់ខែ៦%។
ចំណែកការទាមទាររបស់បុគ្គលិកក្រុមហ៊ុនអគ្គិសនី និងសំរាមវិញ គ្មានទំនាក់ទំនងដោយផ្ទាល់នឹងកំណែទម្រង់របស់រដ្ឋាភិបាលនេះទេ ប៉ុន្តែនេះជាឱកាសមួយដ៏ល្អ សម្រាប់ដាក់សម្ពាធលើរដ្ឋាភិបាល ព្រោះពួកគេចង់មានការរៀបចំសេវាសាធារណៈ និងបង្កើតលក្ខន្តិកៈតែមួយ សម្រាប់បុគ្គ លិក។
មិនតែប៉ុណ្ណោះ និងទន្ទឹមពេលគ្នាតែម្តង រដ្ឋាភិបាលទំនងជាកំពុងមានសមរភូមិបាតុកម្មថ្មីផ្សេងទៀត ដោយអាចនឹងមានបាតុកម្មរបស់ក្រុមនិស្សិតតាមមហាវិទ្យាល័យ ប្រឆាំងនឹងកំណែទម្រង់ចូលមហាវិទ្យាល័យ។ អ្នកវិភាគជាច្រើនបារម្ភខ្លាចតែក្រុមយុវវ័យនេះចេញមកធ្វើបាតុកម្មទៀតទេ ព្រោះនៅខែក្រោយ ជាគម្រប់ខួប៥០ឆ្នាំ គត់នៃបដិវត្តន៍វប្បធម៌បារាំង Mai 68។
សកម្មភាពខាងលើគឺជាសម្ពាធសង្គមដ៏ធ្ងន់បន្ថែមមួយកម្រិតទៀត ដាក់សង្កត់ លើរដ្ឋាភិបាល ដែលហាក់ដូចជាពុំបាននឹកស្មានដល់ទេ។តាំងពីជាប់ឆ្នោត ឡើងជា ប្រធានាធិបតីបារាំងមក លោក អេម៉ានុយ អែល ម៉ាក្រុង បានរងការរិះគន់ និងត្រូវបានក្រុមអ្នកប្រឆាំងចាត់ទុក ថាវិធីសាស្ត្រធ្វើ កំណែទម្រង់បែបកំរោល ធ្វើកំណែទម្រង់ ដោយបង្ខំ និងប្រើអំណាចសម្រេចតែម្តង។ ជាក់ស្តែងនៅក្នុងកំណែទម្រង់ច្បាប់ការងារជា កំណែទម្រង់ដ៏រសើបបំផុតមួយ ថ្វីបើ ចលនាបាតុកម្មប្រឆាំងមានទ្រង់ទ្រាយធំនិងខ្លាំងយ៉ាងណាក្តី ក៏លោកជម្នះអនុម័ត បាន។ នៅលើកនេះ រដ្ឋាភិបាលក៏នៅតែមានទំនុកចិត្តជានិច្ចថា ដើម្បីកំណែទម្រង់ ពេលខ្លះ គេត្រូវសុខចិត្តមានអប្រជាប្រិយភាពបន្តិចក៏មិនអី។ រដ្ឋាភិបាលលោក ម៉ាក្រុង គ្រោងនឹងប្រើក្រឹត្យប្រធានាធិបតីតែម្តង ដើម្បីអនុម័តធ្វើកំណែទម្រង់ក្រុមហ៊ុនអយស្ម័យយាន បានសម្រេច។ សមត្ថភាពនៃការធ្វើកំណែទម្រង់របស់លោកអេម៉ា នុយអែល និងប្រមុខរដ្ឋាភិបាល អេដ័រ ហ្វុីលីព ត្រូវដឹងសខ្មៅនៅពេលនេះហើយ៕ ម៉ែវ សាធី