ភ្នំពេញ៖ តាមការគ្រោងទុកនៅព្រឹកថ្ងៃពុធ៤រោចខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិដុំម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់នាថ្ងៃខាងមុខ ។
មន្រី្តក្រសួងយុត្តិធម៌បានឲ្យដឹងថា បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានទណ្ឌិតស្នើសុំសរុប ៣២១នាក់ (ស្ត្រី២៨នាក់) ។នេះបើយោងតាម របាយការណ៍ទទួលបានពីគណៈកម្មការថ្នាក់រាជធានីខេត្ត (ពន្ធនាគារចំនួន២០) និងគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែចំនួន៤)។
មន្ត្រីក្រសួងយុត្តិធម៌បានឲ្យដឹងទៀតថា ការបន្ធូរបន្ថយទោស និងលើកលែងទោសនាពេលនេះ គឺសម្រាប់តែទណ្ឌិតណា ដែលគោរពល័ក្ខខ័ណ្ឌ ដែលមានចែងក្នុងច្បាប់ ហើយទណ្ឌិតអាចស្នើសុំបាន មានតែនៅក្នុងពេលប្រារព្ធ ពិធីបុណ្យប្រពៃណីជាតិសំខាន់ៗ ដូចជា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីបុណ្យពិសាខបូជា និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក តែប៉ុណ្ណោះ។
យ៉ាងណាបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ ព្រះមហាក្សត្របានបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន១៥៧នាក់ (ស្រី២០នាក់) ដោយធ្វើឡើងក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចំនួន៧២នាក់ (ស្រី១១នាក់) ពិធីបុណ្យពិសាខបូជា ៣៥នាក់ (ស្រី៤នាក់) និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក៥០នាក់ក្នុងនោះមាន ស្រី៥នាក់ផងដែរ ៕ ប្រាថ្នា