ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន៣កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងដកហូតវត្ថុតាងថ្នាំញៀនចំនួន៣កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ករណីខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង២៣ និង៣០នាទី ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ចំណុចលើស្ពានព្រែកភេ ស្ថិតក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ អ៊ឹម វ៉ាឃីម ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅផ្ទះរបស់ឈ្មោះ ហេង (ត្រូវជាបងធម៌) ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនចំនួន៣កញ្ចប់ ក្នុងនោះធំចំនួន២កញ្ចប់ និងតូចចំនួន១កញ្ចប់តូច ,ម៉ូតូ១គ្រឿង និងទូរសព្ទ័ដៃ១គ្រឿងផងដែរ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលតាលន់ បានជិះម៉ូតូចេញល្បាតក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង ។ លុះជិះមកដល់ចំនុចកើតហេតុខាងលើ វេលាម៉ោង២៣ និង៣០នាទីយប់ ស្រាប់តែបានជួបជនសង្ស័យកំពុងជិះម៉ូតូ ដោយមានការសង្ស័យ ភ្លាមនោះសមត្ថកិច្ចក៏បានហៅឲ្យឈប់ រួចត្រួតពិនិត្យឆែកឆេរ បានប្រទះឃើញ ថ្នាំញៀនចំនួន៣កញ្ចប់នៅនឹងខ្លួនជនសង្ស័យ ឈានដល់ចាប់ខ្លួនរួម និងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍នគរបាលដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះគឺជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានយកពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅរាជធានីភ្នំពេញ ដើម្បីយកទៅចែកចាយបន្តឲ្យគេស្គាល់ឈ្មោះនៅស្រុកកោះធំ ៕ ស្អាងជ័យ


ចែករំលែក៖