ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូចំមានប្រព័ន្ធ GPS ពីខេត្តព្រៃវែងត្រូវនគរបានព្រហ្មទណ្ឌខេត្តពោធិ៍សាត់ចាប់ជាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវករណីឆបោកម៉ូតូមកពីខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាងផងដែរ។

ហេតុការណ៍ខាងលើត្រូវបានស្រាវជ្រាវរកឃើញនៅវេលាម៉ោង៩ និង៤៥នាទី យប់ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យរួមទាំងវត្ថុតាងម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1l 7581 ដែលត្រូវកម្លាំងឃាត់ឈ្មោះ សួស គង់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្គៀរ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយវត្ថុតាងម៉ូតូខាងលើនេះជាកម្មសិទ្ធិរបស់ឈ្មោះ ទឹម សឺង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នានឹងជនសង្ស័យ(សួស គង់)ខាងលើ។

លោក នាយការិយាល័យបន្តថា តាមការរាបរបរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ទឹម សឺង នៅវេលាម៉ោង៧ និង០០នាទីព្រឹក ម្សិលមុិញ ជាថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ សួស គង់ បានខ្ចីម៉ូតូរបស់គាត់ថាទៅទិញទឹកកកភ្លែត ក៏ទៅបាត់រហូត ប៉ុន្តែដោយម៉ូតូរបស់គាត់ដាក់ប្រព័ន្ធសុវត្ថិភាព(GPS ) ពេលបើកមើលឃើញធ្វើដំណើរទៅទិសខាងលិចសំដៅចូលរាជធានីភ្នំពេញ ហើយបន្តដំណើរទាំងល្ងាចថ្ងៃដដែលដោយឆ្លងខេត្តកំពង់ឆ្នាំង ចូលមកខេត្តពោធិ៍សាត់ នៅម្ដុំផ្លូវកៅស៊ូលេខ១០៦ ទើបកម្លាំងស្រាវជ្រាវរកឃើញដោយម៉ូតូដោះស្លាកលេខ និងប្ដូរពីខ្នងកាំ រាយ មកជា ខ្នងកាំបន្ទះវិញ ហើយក៏ឃាត់ខ្លួនតែម្ដង។

លោក បន្តទៀតថា ជនរងគ្រោះជាម្ចាស់ម៉ូតូបានដល់ខេត្តពោធិ៍សាត់ទាំងពាក់កណ្ដាលអធ្រាត្រដើម្បីដាក់ពាក្យបណ្ដឹង ហើយនៅព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នេះ លោកបានឆ្លងយោបល់លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីប្រគល់ម៉ូតូជូនម្ចាស់គាត់វិញនូវវត្ថុតាងខាងលើនេះ ចំណែកជនសង្ស័យឈ្មោះ សួស គង់ បានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរាបចំសំណំឯកសារចាត់ការបន្តតាមនីតិវិធី ៕ ប៉ឹម ពិន

 


ចែករំលែក៖