ព័ត៌មានទាន់ហេតុការណ៍៖

បាត់ប្រពន្ធមួយខែហើយមិនដឹងទៅណា ដឹកម្តាយជិះដើរសួររកពេញក្រុងភ្នំពេញនៅតែមិនឃើញអូន

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ខណៈដែលបុរសម្នាក់បានដឹកម្តាយបង្កើត មកប្តឹងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ បន្ទាប់ខ្លួនបានបាត់ប្រពន្ធពីផ្ទះជិត១ខែមកហើយ មិនដឹងថាមានរឿងអ្វីនោះទេ ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីបុរសដែលទៅប្តឹងសមត្ថកិច្ចឲ្យជួយរកប្រពន្ធនោះ ឈ្មោះ ផេង សំរេច អាយុ៣៣ឆ្នាំ មុខរបរ ជាងសំណង់ មានស្រុកកំណើតនៅភូមិក្រសាំងជ័យ ឃុំបារាយ ស្រុកបារាយខេត្តកំពង់ធំ បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ប្រពន្ធរបស់គាត់មានឈ្មោះ ហេង សុភណ្ឌ័ អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិដុល ឃុំវិហារសួគ៍ ស្រុកមុខកំពូល ខេត្តកណ្តាល ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ស្នាក់នៅបន្ទប់ជាមួយគ្នា ។

បុរសរូបនោះបានបន្តទៀតថា រូបគាត់និងប្រពន្ធបានរៀបការជាមួយគ្នាតាមប្រពៃណីដែលមានចាស់ទុំដឹងឮអស់រយ:ពេល៨ឆ្នាំមកហើយ ដោយបានចំណងដៃកូនប្រុស២នាក់ក្នុងបន្ទុកដែលកំពុងតែសិក្សានៅសាលាអង្គការ ។ ក្រោយពេលរៀបការរួចគាត់ក៏បាននាំប្រពន្ធទៅនៅឯស្រុកកំណើតរបស់គាត់នៅឯខេត្តកំពង់ធំប្រកបមុខរបរជាកសិករ តែដោយសារតែជីវភាពរបស់គាត់ខ្វះខាតគាត់ក៏បានសម្រេចចិត្តនាំប្រពន្ធកូនរបស់គាត់ចាកចេញពីស្រុកមកនៅភ្នំពេញ ដោយបានសុំអង្គការឲ្យកូនប្រុសទាំង២នាក់របស់គាត់បានចូលរៀននៅសាលាអង្គការ ។ លុះមកដល់ភ្នំពេញរូបគាត់បានធ្វើជាជាងសំណង់ ចំណែកប្រពន្ធគាត់បានចូលកាត់ដេរនៅរោងចក្រ ហើយគ្រួសាររបស់គាត់មិនដែលបានឈ្លោះប្រកែកគ្នាអ្វីនោះទេ ។

ប្រភពដដែរ បានបន្តទៀតថា លុះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ប្រពន្ធរបស់គាត់បានចេញទៅធ្វើការដូចសព្វដង ក្រោយមកក៏ពុំឃើញត្រលប់មកផ្ទះវិញជាយូរថ្ងៃហើយ គាត់បានតេទូរស័ព្ទដៃ ទំនាក់ទំនងសួរប្រពន្ធថា «អូននៅឯណា ត្រលប់មកផ្ទះវិញអត់» ប្រពន្ធរបស់គាត់ឆ្លើយថា«នៅផ្ទះមិត្តភក្តិតែមិនបានត្រលប់ទៅទេ ទាល់តែយូរបន្តិច»រួចក៏បាត់ដំណឹងរហូតមិនព្រមមកផ្ទះវិញទេ ។ លុះនៅថ្ងៃកើតហេតុខាងលើនេះ គាត់ទ្រាំលែងបានក៏សម្រេចចិត្តដឹកម្តាយបង្កើតមកប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ឲ្យជួយអន្តរាគមន៍ ដើម្បីឲ្យសមត្ថកិច្ចដឹងឮថាប្រពន្ធរបស់គាត់បានរត់ចោលប្តីនិងកូនពិតប្រាកដមែន ។

ក្រោយការរៀបរាប់របស់ខាងលើនេះរួចសមត្ថកិច្ចក៏បានទទួលពាក្យបណ្ដឹង ដើម្បីប្រកាសនិងជួយស្វែងរកប្រពន្ធឲ្យផងដែរ រួចទើបបុរសរូបនេះដឹកម្តាយត្រលប់ទៅផ្ទះវិញ ៕ ស តារា


ចែករំលែក៖