ភ្នំពេញ៖ បុរសជនជាតិអ៊ុយក្រែនម្នាក់ ធ្លាប់ចាប់រំលោភសេពសន្ថវៈលើនារីរងគ្រោះម្តងរួចមកហើយ តែបាននារីរងគ្រោះលើកលែងមិនប្រកាន់ ។ ប៉ុន្តែចុងក្រោយនៅតែប្រព្រឹត្តទៀត ទើបនារីរងគ្រោះដាក់ពាក្យប្តឹងតែម្តង ។
បុរសជនជាតិអ៊ុយក្រែនរូបនេះ ឈ្មោះknia zhyaMykola អាយុ៥០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EK242806ចុះថ្ងៃទី៥ខែមិថុនាឆ្នាំ២០០៩បានត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំពីបទរំលោភសេពសន្ថវៈប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១១។
តាមសាលក្រមព្រហ្មទណ្ឌលេខ៩៤”ក្រ៣ឡ”បានបញ្ជាក់ថា នៅអំឡុងឆ្នាំ២០១១នារីរងគ្រោះវ័យ២២ឆ្នាំធ្វើការនៅហាងម្ហូបចិនផ្នែករត់តុបានជួបជាមួយបុរសជនជាតិអ៊ុយក្រែន។
ពេលនោះបុរសជនជាតិអ៊ុយក្រែនបានប្រាប់ថា មានការងារឱ្យនាងធ្វើដោយទទួលប្រាក់ខែ៣០០ដុល្លារក្នុងមួយខែហើយបានណាត់ជួបនាងនៅសណ្ឋាគារណាហ្គាវើល។ពេលទៅជួបគេឱ្យនាងចូលក្នុងបន្ទប់។
បន្ទាប់មកបុរសជនជាតិអ៊ុយក្រែនស្ទុះបិទទ្វារចាក់សោររួចមកចាប់ខ្ទប់មាត់នាង ហើយចាប់សម្រាតខោអាវនាងរួចចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចហើយបានបញ្ចុះបញ្ចូលនាងថានឹងទទួលខុសត្រូវយកនាងធ្វើជាប្រពន្ធតែក្រោយមកបុរសជនជាតិអ៊ុយក្រែនបានគេចខ្លួនបាត់តែម្តង។
សាលក្រមនេះបានបញ្ជាក់ទៀតថា បន្ទាប់ពីតុលាការបានប្រកាសសាលក្រមកំបាំងមុខរួចហើយបុរសជនជាតិអ៊ុយក្រែនបានដាក់ពាក្យប្តឹងជំទាស់។ប៉ុន្តែពេលបើកសវនាការម្តងទៀតបុរសជនជាតិអ៊ុយក្រែនមិនបានចូលរួមទេទើបតំណាងអយ្យការសន្និដ្ឋានថាអវត្តមានដោយគ្មានមូលហេតុនិងមិនបានបង្ហាញអំពីផលលំបាកដែលមិនអាចចូលរួមបាន។
ក្រោយពីបានពិនិត្យពិចារណា និងពិភាក្សាត្រឹមត្រូវតាមច្បាប់ហើយតុលាការបានប្រកាសតម្កល់សាលក្រមផ្ត្ទាទោសបុរសជនជាតិអ៊ុយក្រែនដាក់ពន្ធនាគារ៧ឆ្នាំដដែល៕ ចេស្តា