ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនមកដល់តុលាការហើយកូនចិត្តតិរច្ឆានលើកដៃកាប់សម្លាប់ឪពុកខ្លួនឯងខឹងបាត់លុយ៣០០០រៀល

ចែករំលែក៖

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជូនកូនចិត្តតិរច្ឆាន លើកដៃកាប់សម្លាប់ឪពុកខ្លួនឯង ខឹងបាត់លុយ៣០០០រៀល មកដល់តុលាការហើយ។

សូមជម្រាបថា ហេតុការណ៍កាប់សម្លាប់យ៉ាងសាហាវឃោរឃៅនេះ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ឯម សារឿន ភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ០១នាក់ឈ្មោះ ឯម សារឿន ភេទប្រុស អាយុ៦៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ។ ជនសង្ស័យ ០១ នាក់ឈ្មោះ ឃុត ចន្នី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯមខេត្តកណ្តាល។ វត្ថុតាងចាប់យក កាំបិតផ្គាក់ដងខ្លី ដងឫស្សី ប្រវែង៦៩សង្ទីម៉ែត្រ ផ្លែមានប្រវែង ៣១សង្ទីម៉ែត្រ ។

លោកស្នងការបានបញ្ជាក់ថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២រសៀល ជនសង្ស័យបានត្រឡប់មកពីលក់ឆៃថាវ មកដល់ផ្ទះបានរាប់លុយឃើញ ៧០.០០០រៀល ហើយរៀបទុកនៅក្នុងកាបូបស្ពាយ ។ បន្ទាប់មក បានដេកអង្រឹងប្រឡែងលេងជាមួយកូនឆ្កែ ដែលមានស្ពាយកាបូប ជាប់នឹងខ្លួន ។ ប៉ុន្តែមិនបានដេកលក់ទេ លុះមួយស្របក់ទៀត មានអារម្មណ៍ថា សង្ស័យបាត់លុយ ក៏រាប់ម្តងទៀត បានឃើញថា លុយខ្លួនបាត់ចំនួន៣.០០០រៀល ស្រាប់តែមានកំហឹងក្នុងខ្លួន ជួនពេលនោះ ឪពុកឈ្មោះឯម សារឿន បានដើរមកដល់ផ្ទះ អង្គុយលើគ្រែ ហើយសម្លឹងមកកូន ភ្លាមនោះ កូនឈ្មោះឃុត ចន្នី បានទាញយកកាំបិត នៅលើគ្រែ មកកាប់ឪពុកត្រូវចំកខាងក្រោយបណ្តាលឲ្យធ្លាក់ពីលើគ្រែ ស្លាប់ភ្លាមតែម្តង៕ ឆ ដា


ចែករំលែក៖