ខេត្តស្វាយរៀង៖ មានការស្រែកយំផ្អើលឆោឡោទាំងយប់ដល់ក្រុមគ្រួសារ និងអ្នកភូមិ ខណៈដែលបុរសម្នាក់ បានស្លាប់បន្ទាប់ពីផឹកស្រាស្រវឹងដេកក្នុងផ្ទះដោយប្រពន្ធដាស់មកហូបបាយ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ច នគរបាលស្រុកស្វាយទាបបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលសង្ស័យស្លាប់ដោយខ្យល់គរមានឈ្មោះ ហាយ សុភា អាយុ៤៦ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ អ៊ុក វណ្ណាអាយុ៤៣ឆ្នាំមុខរបរកសិករ មានកូនក្នុងបន្ទុកចំនួន៤នាក់ ស្រី២នាក់មានទីលំនៅស្ថិតនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមអ្នកភូមិបានអះអាងថាបុរសខាងលើគឺជាមនុស្សស្រវឹងខួបឲ្យតែបានផឹកស្រាគឺមិនសូវហូបរបស់ក្លែមនោះទេ ទោះបីជាប្រពន្ធរៀបចំបាយម្ហូបទុកឲ្យក៏ដោយ។
ប្រភពបានបានបន្ថែមទៀតថា នៅថ្ងៃកើតហេតុទី៥ ខែមេសា ឆ្នាំ២០១៨ បុរសខាងលើទើបតែផឹកស្រានៅផ្ទះរបស់ខ្លួនតែម្នាក់ឯង មិនដែលខានលុះថ្ងៃរសៀលវេលាម៉ោង៣ដោយអការស្រវឹងស្រា ក៏បានចូលទៅដេកក្នុងផ្ទះ ដោយប្រពន្ធ និងកូនៗ មិនបានចាប់អារម្មណ៍នោះទេ ។
បើតាមប្រពន្ធឈ្មោះ អ៊ុក វណ្ណា បានរៀបរាប់ទាំងទឹកភ្នែកថា នៅវេលាម៉ោង៨ និង៣០នាទីយប់ គាត់បានទៅដាស់ប្ដីឡើងហូបបាយ ប៉ុន្តែដាស់មិនភ្ញាក់សោះ មានការសង្ស័យក៏ហៅកូនៗជួយដាស់គ្នា ហើយបានស្ទាបច្រមុះមិនមានដកដង្ហើម ក៏បង្កការភ្ញាក់ផ្អើលតែម្ដង ខណៈមិនដឹងយថា ស្លាប់តាំងពីម៉ោងប៉ុន្មាននោះទេ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានមានដូចជាកងរាជអាវុធហត្ថនគរបាល និងគ្រូពេទ្យបានចុះមកពិនិត្យលើសាកសពទើបដឹងថា ជនរងគ្រោះស្លាប់ដោយខ្យល់គរពិតប្រាកដមែន ខណៈមិនមានស្នាកស្នាមអ្វីសង្ស័យជាឃាតកម្មអ្វីនោះទេ ទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន