ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបត់ឆ្លងផ្លូវត្រូវរថយន្តហាយឡែនឌ័របើកបុកវិលពីរជុំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិកូរ៉េ ម្នាក់បើករថយន្តហាយឡែនឌ័រ ល្បឿនលឿនជ្រុលទៅបុករថយន្តសាំយ៉ុងមួយគ្រឿងបើកឆ្លងផ្លូវ បណ្តាលឲ្យ វិល២ជុំរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-6493 ជារថយន្តឈ្នួល បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវពីត្បូងទៅជើង លុះដល់ចំណុចខាងលើ បត់ឆ្លងផ្លូវទៅឆ្វេងដៃ បំណងចូលទៅផ្លូវ ភូមិសាមគ្គី តែមិនទាន់ផុតផង ត្រូវបានរថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-9591 បើកបរដោយបុរសជនជាតិកូរ៉េ ជិះគ្នា៣នាក់ បោះពួយល្បឿនលឿន ពីជើងទៅត្បូង ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីទទឹងរថយន្តសាំយ៉ុង បណ្តាលឲ្យវិល២ជុំខ្ទាតទៅចិញ្ចើមកែងផ្លូវលំ ដាច់ធ្លាក់ទ្វារ បែកកញ្ចក់ និងដាច់កង់ក្រោយខាងស្តាំ រីឯរថយន្តហាយឡែនឌ័រផ្លោងខ្ទាតតៅមុខប្រមាណ៤០ម៉ែត្រ ឡើងលើគម្របលូ នៅចិញ្ចើមផ្លូវ ខ្ទេចមុខទាំងស្រុង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖