ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ាបុកម៉ូតូវីវ៉ាស្លាប់ម្នាក់ និងរបួស៣នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលផ្ទប់នឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង៣នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគាត់ជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តតាកូម៉ាបើកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅចុះណុចផ្ទះលេខ២៨៥ ផ្លូវលេខ១៦៣ កែងផ្លូវ៤៦០ ស្តិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំកាមន ហើយរថយន្តបង្កបើករត់ចំងាយ២០០ម៉ែត្រទើបបែកកង់ចតរថយន្តចោលរត់បាត់ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន៤នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AO 5990 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2O 8124 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យខ្ទាតមនុស្សទៅបោកផ្ទប់ និងជញ្ជាំងផ្ទះ ប្រជាពលរដ្ឋស្លាប់ម្នាក់ចំណែក៣នាក់ទៀតរងរបួសធ្ងន់។

ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់ផ្លូវលេខ៤៧០ ទើបបែកកង់ទៅមុខលែងរួច ចតរថយន្តចោលហើយគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ


ចែករំលែក៖