ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យមានសេរីភាពវិញ ក្រោយពីសមត្ថកិច្ចចាប់ខ្លួន នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ពាក់ព័ន្ធករណីឆបោកប្រាក់ជាង២៥ម៉ឺនដុល្លារ។
មន្រ្តីតុលាការបានឲ្យដឹងថា ការសម្រេចយ៉ាងដូច្នេះ នៅពេលនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យឈ្មោះ LEE JONG QUI ភេទប្រុស អាយុជាង៤០ឆ្នាំ ជាជនជាតិកូរ៉េ និងជាពាណិជ្ជករមកកាន់អយ្យការអមសាលាដំបូង ដើម្បីសាកសួរ នាព្រឹកថ្ងៃ សៅរ៍ ៧ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៨ ។
មន្ត្រីតុលាការបានឲ្យដឹងថា មូលហេតុដែលព្រះរាជអាជ្ញាដោះលែងលោក lee jong qui ឲ្យមានសេរីភាពវិញ ដោយសារតែដើមបណ្ដឹងពុំមានឯកសារណាមួយ ដែលបញ្ជាក់ថា ជនសង្ស័យឆបោកប្រាក់ចំនួន២៥ម៉ឺនដុល្លារនោះទេ គឺមានតែពាក្យបណ្ដឹង និងការនិយាយផ្ទាល់មាត់ប៉ុណ្ណោះ។ ចំណែកជនសង្ស័យបានបដិសេធថា មិនបានទទួលប្រាក់ចំនួន២៥ម៉ឺនដុល្លារ ដូចការប្ដឹងទេ គឺមានតែការសន្យាចូលហ៊ុនគ្នារកស៊ីប៉ុណ្ណោះ ហើយក៏មិនទាន់ចូលលុយគ្នារកស៊ីនៅឡើយដែរ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការចាប់ខ្លួនជនជាតិកូរ៉េនោះ សមត្ថកិច្ចធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នៅពេលចាប់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលនាំពីខេត្តសៀមរាបមកកាន់រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់លោកព្រះរាជអាជ្ញា ដើម្បីសាកសួររួមទាំងមានភាគីដើមបណ្តឹង និង មេធាវីការពារក្តីនៅចំពោះមុខទៀតផង។
ក្រោយពីតំណាងអយ្យការសាកសួរចប់សព្វគ្រប់ ជនសង្ស័យត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពវិញ ធ្វើឲ្យដើមបណ្ដឹងមានការខកចិត្តយ៉ាងខ្លាំងដែលខំប្តឹងឲ្យចាប់ខ្លួនជនសង្ស័យបានហើយ ប៉ុន្តែត្រូវបានដោះលែងទៅវិញ ដោយគ្មានបានសំណងមួយដុល្លារ ដែលនេះទំនងជាមានការធ្វើអន្តរាគមន៍ពីមន្ត្រីគ្រាក់ៗណាមួយជាមិនខាន៕ សហការី