ខេត្តកណ្ដាល៖ សង្ស័យម្នាក់បានប្រើមធ្យោបាយធ្វើជាខ្ចីម៉ូតូគេដោយកុហកថាយកទៅទិញប្រេង តែយកទៅបាត់មិនឲ្យម្ចាស់ដើមវិញ លុះអស់រយៈពេលប្រមាណជាងមួយឆ្នាំក្រោយមកត្រូវបានសមត្ថកិច្ចស្រុកមុខកំពូលធ្វើការចាប់ខ្លួនបាន កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ យី យុទ្ធី ហៅខ្មៅ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិវាលស្បូវ ឃុំអំពិលទឹក ស្រុកកំពុងត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះឈ្មោះ សួន លី ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិពោងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ដោយឡែកសម្ភារៈបាត់បង់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1Q-4973ចំនួន០១គ្រឿង ។
ប្រភពដដែលបន្ដថា កាលពីវេលាម៉ោងប្រមាណ១១ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យបានមកផ្ទះជនរងគ្រោះក្នុងគោលបំណងហូបបាយ តែពុំបានហូបទេ ក៏បានឃើញម៉ូតូរបស់ជនរងគ្រោះទុកនៅផ្ទះ ភ្លាមនោះជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះដោយនិយាយថា សូមខ្ចីម៉ូតូទៅទិញប្រេងម៉ាស៊ីននៅផ្សារព្រែកព្នៅមួយភ្លែត ភ្លាមនោះជនរងគ្រោះជាម្ចាស់ម៉ូតូក៏ព្រមឲ្យជនសង្ស័យខ្ចីជិះចេញទៅបាត់ ។ ដោយរងចាំយូរៗទៅមិនឃើញជនសង្ស័យយកម៉ូតូត្រឡប់មកវិញ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំបួរមាស ដើម្បីស្វែងរកជនសង្ស័យផ្ដន្ទាទោសតាមច្បាប់ ។
ប្រភពដដែលបានបន្ដទៀតថា លុះមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី អស់រយះពេលជាងមួយឆ្នាំ ជនរងគ្រោះជាម្ចាស់ម៉ូតូបានជួបជនសង្ស័យនៅតាមផ្លូវទំនប់កប់ស្រូវដែលកំពុងបើករថយន្ដដឹកដី ភ្លាមនោះក៏បានឃាត់ជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍សំបួរមាសតែម្ដង ។ ក្រោយពីសមត្ថកិច្ចបានទទួលជនសង្ស័យពីជនរងគ្រោះ ភ្លាមនោះសមត្ថកិច្ចបានធ្វើការសាកសួរ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូពីជនរងគ្រោះយកទៅទិញប្រេងម៉ាស៊ីននៅផ្សារព្រែកព្នៅ ប៉ុន្តែខ្លួនមិនបានទៅទិញប្រេងម៉ាស៊ីនទេ គឺយកម៉ូតូជនរងគ្រោះទៅលាក់ទុកខ្លួននៅផ្ទះជួល ស្ថិតនៅភូមិដើមរការ ឃុំព្រៃខ្មែរ ស្រុករល្វាផ្អៀរ ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ