ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន៖ ជម្រុញមន្ត្រីជំនាញអធិការកិច្ចទាំងអស់ត្រូវមានក្រមសីលធមស្អាតស្អំ និងឆន្ទៈម៉ឺងម៉ាត់ការងារ

ចែករំលែក៖

ភ្នំពេញ៖ ឧបនាករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកានព្វស័ក ព.ស២៤៦១ត្រូវនិងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ៖ ការងារ អធិការកិច្ច ជាការងារដែលលំបាក ស្មុគស្មាញ មានភាពរសើប និងភាពចម្រូងចម្រាស់ ដែល ទាមទារឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងត្រូវមានឆន្ទៈ ម៉ឺងម៉ាត់ការងារ និងមានសមត្ថភាពជំនាញច្បាស់លាស់ ក្នុងបច្ចេកទេសអធិការកិច្ច និងសមត្ថភាពផ្នែកច្បាប់ ព្រមទាំងក្រមសីលធម៌ស្អាតស្អំ។

លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានលើក ឡើងថា៖ ជាក់ស្តែង ក្នុងការងារ អធិការកិច្ច ក្រសួងកំពុងជួបប្រទះការប្រឈមជាច្រើនដូចជា នៅតាមស្ថាប័នរដ្ឋមួយចំនួនមិន ទាន់ឲ្យតម្លៃការងារអធិការកិច្ច និងមិនចង់សហការ និងមានក្រសួង ស្ថាប័នរដ្ឋមួយចំនួនមាន ភារកិច្ចស្រដៀងគ្នា ឬជាន់គ្នា ដូចជា គណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លី អង្គភាពប្រឆាំង អំពើពុករលួយ អាជ្ញាធរសវនកម្មជាតិ និងក្រសួង ស្ថាប័នរដ្ឋមួយចំនួនទៀត។

លោកស្រីបានបន្ដថា៖ ទោះជាមានការប្រឈមយ៉ាង ណាក្តី ក៏ក្រសួងបានអនុវត្តភារកិច្ចក្នុងវិស័យអធិការកិច្ចជាចំបង រួមមាន៖ ការត្រួតពិនិត្យលើការគ្រប់គ្រងរដ្ឋបាលហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅតាមបណ្តាក្រសួង ស្ថាប័នរដ្ឋនានា និងការងារទទួលពាក្យបណ្តឹង ការងារអង្កេតស្រាវជ្រាវ ដើម្បីទប់ស្កាត់ការរំលោភដោយអំណាច និងរួមចំណែកប្រយុទ្ធប្រឆាំងអំពើពុករ លួយ។ ក្រសួងបានចុះធ្វើការងារអធិការកិច្ច និងអង្កេតស្រាវជ្រាវនៅតាមក្រសួង ស្ថាប័ន អង្គភាពថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ និងបានរកឃើញចំណុចខ្វះខាត និងភាពអសកម្មមួយចំនួន និងបាន រាយការណ៍ជាប្រចាំជូនប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានធ្វើសេចក្តីណែនាំជាលិខិតបទដ្ឋាន គតិយុត្តិជាច្រើនជូនបណ្តាក្រសួង ស្ថាប័ន ដែលមានបញ្ហាឲ្យកែលម្អនូវរាល់ចំណុចខ្វះខាត ទាំងឡាយ។

លោកស្រី ម៉ែន សំអន ក៏បានលើកឡើងអំពីប្រទេសមួយចំនួន ដែលបានអនុវត្តការងារអធិការកិច្ចយ៉ាងតឹងរឹងក្នុងន័យកាត់បន្ថយ ឬលុបបំបាត់អំពើពុករលួយ ក្នុងនោះមាន ប្រទេសចិន ដែលមានប្រជាជនច្រើនជាងគេនៅលើពិ ភពលោក គឺមានការអនុវត្ត ការងារអធិការកិច្ចនេះយ៉ាង សកម្មបំផុត ហើយបើនិយាយពីប្រទេសក្នុងតំបន់វិញ យើងឃើញ ថា ប្រទេសវៀតណាម និងប្រទេសឡាវ ក៏បានធ្វើការងារអធិការកិច្ចនេះខ្លាំងក្លាណាស់ដែរ៕ សំរិត


ចែករំលែក៖