ក្រុងប៉ោយប៉ែត ៖ ពលករខ្មែរជាច្រើននាក់កំពុងតែវិលត្រឡប់ពីប្រទេសថៃចូលមកប្រទេសរបស់ខ្លួនវិញតាមច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតដើម្បីទៅជួបជុំបងប្អូននៅរដូវសង្ក្រាឆ្នាំថ្មីខាងមុខនេះ។ គេសង្កេតឃើញនៅច្រកទ្វារ អន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ចាប់ពីគល់ស្ពានមិត្តកម្ពុជា-ថៃ ឃើញមានពលករខ្មែរជាច្រើននៅទឹកដីថៃ ឈរជាជួរដើម្បី បំពេញបែបបទចូលប្រទេស ដោយគេសង្កេតឃើញពលករខ្មែរ វិលត្រឡប់មកមានចំនួន ច្រើនជាងបណ្ដាឆ្នាំមុនៗក្នុងមួយថ្ងៃមិនក្រោម១.០០០នាក់ នៅច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត។
ការវិលត្រឡប់មកស្រុករបស់ពលករខ្មែរនេះធ្វើឡើងស្របពេលមានសេចក្តីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជានឹងរាជរដ្ឋាភិបាលថៃដែលបានឯកភាពគ្នាមិនឱ្យមានការយកប្រាក់ពីពលករខ្មែរ និងសម្របសម្រួលបង្កលក្ខណៈងាយស្រួលឱ្យដល់ពលករខ្មែរបានចាកចេញមកលេងស្រុកកំណើតនៅថ្ងៃបុណ្យចូលឆ្នាំឱ្យបានល្អផងដែរ។
ចាប់តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨មកមានការកកស្ទះជាខ្លាំង ដោយសារតែររថយន្តតាក់ស៊ី រទេះលក់ផ្លែឈើ រទេះដឹកអីវ៉ាន់ពលករ និងរថយន្តដែលនៅតាមបណ្ដាខេត្តមកចតតាមចិញ្ចើមផ្លូវដើម្បីរងចាំដឹកសាច់ញាតិផងដែរ ទើបមានករកកស្ទះចរាចរណ៍ ទោះមានការរៀបចំពីសំណាក់អាជ្ញាធរក្រុង និងកម្លាំងសមត្ថកិច្ចក៏ដោយ ។
ម្យ៉ាងទៀតបើទោះមានសេចក្ដីប្រកាសរួមគ្នារវាង រាជរដ្ឋាភិបាលកម្ពុជានឹងរាជរដ្ឋាភិបាលថៃដែលបានឯកភាពគ្នាមិនឱ្យមានការយកប្រាក់ពីពលករខ្មែរ និងសម្របសម្រួលបង្កលក្ខណៈងាយស្រួលឱ្យដល់ពលករយ៉ាង ណាក៏ដោយមានពលករមួយចំនួនតូចនៅតែចាញ់បោកមេខ្យល់អូសទាញចូលមកប្រទេសរបស់ខ្លួនវិញតាមច្រករបៀងដើម១០០ ឋិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យចម្ងាយពីច្រកតំបន់បឹងត្រកួនប្រហែល១០០ម៉ែត្រដដែល ដោយគ្មានការទប់ស្កាត់ពីសំណាក់នគបាលការពារព្រំដែនគោក៨០៧នោះទេ ទាំងនេះហើយធ្វើឲ្យប្រឈមនឹងគ្រោះថ្នាក់សម្រាប់ពួកគាត់។
ដោយឡែកកម្មករអូសរទេះម្នាក់នៅច្រកទ្វារប៉ោយប៉ែតឈ្មោះ យឿន សូ ភេទប្រុស អាយុ៤២ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ចូលឆ្នាំៗនេះមានពលករខ្មែរ វិលត្រឡប់មកស្រុកយ៉ាងច្រើនធ្វើឲ្យកម្មករអូសរទេះស៊ីឈ្នួលដឹកសម្ភារផ្សេងៗ រកចំណូលបានក្នុងមួយថ្ងៃ រហូតជាង១.០០០បាត។ លោកជឿថា មុននឹងចប់ចូលឆ្នាំ ក្រុមកម្មករអូសរទេះអាចរកចំណូលបានច្រើនបង្គួរ។
កម្មករអូសរទេះនៅច្រកអន្តរជាតិប៉ោយប៉ែតបានលើកឡើងថា ពួកគាត់បានរកប្រាក់ចំណូលបានច្រើនរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ព្រោះការរកចំណូលបាននេះដោយសារតែពួកគាត់ដឹកអីវ៉ានរបស់ពលករខ្មែរយើងដែលវិលពីប្រទេសថៃ មកតាមច្រកទ្វារអន្តជាតិឆ្នាំនេះមានការកើនឡើងស្រប ពេលដែលរាជរដ្ឋភិបាលបានសម្រួលសេវាធ្វើដំណើរមិនបង់ប្រាក់ដល់កម្មករកាកម្មការិនីនៅពេលខាងមុខ។
ជុំវិញការពលករខ្មែរវិលត្រឡប់ពីប្រទេសជិតខាងដើម្បីចូលរួមបុណ្យឆ្នាំថ្មីនេះលោក ស៊ឹម សំអាត ប្រធានស្នាក់ការអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតមិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល៕ វណ្ណា